រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល រុស្ស៊ីកំពុងតែបង្កើនកម្លាំងកងទ័ព វាយសង្រ្គប់ ទៅលើកងទ័ពអ៊ុយក្រែន ចូលកាន់តែខិតជិតដល់រដ្ឋធានីគៀវហើយនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ថវិកាចំណាយរបស់ខ្លួន រហូតដល់១,៥ពាន់ពាន់លានសហរដ្ឋអាមេរិក ហើយក្នុងនោះ មានទាំងជំនួយដល់ប្រទេសអ៊ុយក្រែន សម្រាប់ទិញគ្រឿងយុទ្ធោបករណ៍ និង ជំនួយមនុស្សធម៌ មានទឹកប្រាក់ទំហំ ជិត ១៤ពាន់លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ (វេលានៅវ៉ាស៊ីនតោន) បានអនុម័តច្បាប់ ផ្តល់ថវិកា មានទំហំទឹកប្រាក់ចំនួន ១,៥ ពាន់ពាន់លានដុល្លារ ដល់រដ្ឋាភិបាលសហព័ន្ធន៍ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។ នៅក្នុងចំណោមថវិកា មានទំហំដ៏មហាសាលនោះ ក៏មានជំនួយ ទំហំទឹកប្រាក់១៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ជួយដល់អ៊ុយក្រែន ផងដែរ។

ព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់មានកម្រាស់ ២ ៧០០ទំព័រ ដោយមានសំឡេងគាំទ្រ ៦៨ ទល់នឹង៣១។ ការអនុម័ត លើកញ្ចប់ថវិកាចំណាយ មានទំហំទឹកប្រាក់ ចំនួន១,៥ពាន់ពាន់លានដុល្លាររបស់ព្រឹទ្ធសភា បានកើតឡើងមួយថ្ងៃ ក្រោយពេលរដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តលើច្បាប់នេះរួចហើយ។ ក្រោយពេលព្រឹទ្ធសភាបានអនុម័តរួច គេរំពឹងថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចុះហត្ថលេខា លើច្បាប់នេះ នៅមុនពាក់កណ្តាលអធ្រាត្រ ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ (វេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។

លោក Chuck Schumer មេដឹកនាំភាគច្រើន នៃព្រឹទ្ធសភា បានបញ្ជាក់ថា «យើងកំពុងតែរក្សានូវការសន្យារបស់យើង នៅក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ខណៈពួកគេកំពុងតែប្រយុទ្ធ ការពារជីវិតរបស់ពួកគេ ប្រឆាំងនឹងលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានសម្រេចចិត្ត លើកកងទ័ពចូលឈ្លានពាន ទៅលើប្រទេសអឺរ៉ុបខាងកើតមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ចំណែកកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែននេះ គឺជាការផ្តល់ហិរញ្ញប្បទាន សម្រាប់ការទិញគ្រឿងយុទ្ធោបករណ៍ និងការផ្គត់ផ្គង់ដល់វិស័យយោធាផ្សេងៗទៀត ក៏ដូចជា ជំនួយមនុស្សធម៌ ផងដែរ៕