រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ កម្លាំងយោធារុស្ស៊ី កំពុងតែបង្កើនការវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ ទៅលើរដ្ឋធានីគៀវ និង តំបន់ជុំវិញ ហើយអ្នករស់នៅតំបន់នោះ រត់ភៀសខ្លួនទៅភាគខាងលិច ក្នុងគោលបំណងស្វែងរកកន្លែងមានសុវត្ថិភាព។

រដ្ឋធានីអ៊ុយក្រែន និង តំបន់ជុំវិញ បន្តរងការវាយប្រហារ ពីកងកម្លាំងរុស្ស៊ី។ អ្នកស្រុកជាច្រើននាក់ បានភៀសខ្លួន ទៅកាន់ទិសខាងលិច ក្នុងគោលបំណងទៅកាន់កន្លែងមានសុវត្ថិភាព។ ដោយឡែក អ្នកផ្សេងទៀត បន្ដស្នាក់នៅ ដោយស្វែងរកទីសុវត្ថិភាព នៅក្នុងស្ថានីយរថភ្លើងក្រោមដី ដែលមានជម្រៅជ្រៅ បញ្ចៀសពីការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ថា លោក មីខៃឡូ ប៉ូដូលីយ៉ាក់ (Mykhaylo Podolyak) ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការកើនឡើង ចំពោះការវាយប្រហារពីកងទ័ពរុស្ស៊ី នៅទូទាំងប្រទេស។ សង្គ្រាមបំផ្លិចបំផ្លាញរបស់កងទ័ពរុស្ស៊ី កំពុងតែប្រឆាំងនឹងជនស៊ីវិល និង ទីក្រុងធំៗ នៅតែបន្ត នៅទូទាំងប្រទេសអ៊ុយក្រែន៕