កូរ៉េខាងត្បូង៖ គួរឱ្យព្រួយបារម្ភជំងឺកូវីដប្រភេទ Omicron  បានផ្ទុះឡើងនៅកូរ៉េខាងត្បូងត្រឹមរយៈពេលមួយថ្ងៃមានអ្នកឆ្លងរហូតដល់ ៣សែននាក់ជាង ក្នុងរយៈពេល ពីរថ្ងៃជាប់គ្នា។

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងឈានចូលករណីធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភ ដោយក្នុងមួយថ្ងៃមានការឆ្លងនូវជំងឺកូវីដ-១៩ ប្រភេទ Omicron រហូតទៅដល់៣សែននាក់ជាង ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា នេះបើយោងតាម ទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺកូរ៉េខាងត្បូងហៅកាត់ KDCA។

ហើយថ្ងៃនេះ ជាថ្ងៃទីពីរហើយដែលកូរ៉េខាងត្បូងមានអ្នកឆ្លង ៣០០,០០០ នាក់បន្ទាប់ពីការកត់ត្រាករណីថ្មីចំនួន ៣៤២,៤៤៦ ត្រូវបានរកឃើញកាលពីថ្ងៃពុធ ទី ៩ ខែមីនា ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ជាង ៥,៥៣៩,៦៥០នាក់ និងយ៉ាងហោចណាស់មនុស្សសរុប៩,៦៤៦ នាក់បានស្លាប់ដោយសារជំងឺកូវីដនេះ។ ក្នុងនោះអ្នកជំនាញរោគរាតត្បាតក៏បាននិយាយថា ការកើនឡើងជាបន្តបន្ទាប់នៃអត្រាអ្នកឆ្លងគឺដោយសារតែមេរោគ Omicron រីករាលដាលយ៉ាងឆាប់រហ័ស ទោះបីជាមនុស្សជាច្រើនអះអាងថាប្រភេទ Omicron មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពេលនេះនៅកូរ៉េខាងត្បូងកំពុងមានមនុស្សជាងមួយពាន់នាក់មានជំងឺធ្ងន់ធ្ងរជាមធ្យមប្រចាំថ្ងៃ និងអត្រាមរណៈកើនឡើងដល់ ០,១៧ភាគរយដោយសារជំងឺនេះ៕ ប្រភព៖ Khaosod