ប្រទេសចិន៖ សាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃបាន អភិវឌ្ឍន៍ “វ៉ាក់សាំងជុំទីពីរ” ព្រមទាំងបង្ហើបថាខ្លួនបានធ្វើការស្រាវជ្រាវ និងបានបង្កើតនូវវ៉ាក់សាំងថ្មីមួយដែលអាចការពារប្រឆាំងនឹងជំងឺផ្ដាសាយកូវីដ-១៩ផង ព្រមទាំងអាចការពារនូវជំងឺផ្ដាសាយបក្សីថែមទៀតផង។

នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន Xinhua បានរាយការណ៍ថាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Fudan នៅទីក្រុងសៀងហៃ ភាគខាងកើត ប្រទេសចិន បានបង្ហាញ់នីវវ៉ាក់សាំងថ្មីមួយត្រូវបានបង្កើតឡើង ព្រមទាំងអាចការពារប្រឆាំងនឹងមេរោគឆ្លងថ្មីដែលបង្កឡើងដោយ កូវីដ-១៩ និងមេរោគគ្រុនផ្តាសាយបក្សី ដែលទទួលបានជោគជ័យក្នុងការធ្វើពិសោធន៍ជាមួយនឹងសត្វកណ្តុរ។

វ៉ាក់សាំងនេះត្រូវបានគេហៅថា ADC68-COV/Flu (AdC68-CoV/Flu) សម្រាប់បម្រើដើម្បីជំរុញអង្គបដិប្រាណប្រឆាំងនឹង កូវីដ-១៩ និងអង្គបដិប្រាណប្រឆាំងនឹងមេរោគគ្រុនផ្តាសាយបក្សីយ៉ាងមានប្រសិទ្ធភាពខ្ពស់ក្នុងការ ការពារទាំងការឆ្លងមេរោគកូរូណាបម្លែងថ្មី និងវីរុសផ្តាសាយបក្សីប្រភេទ H7N9 ដែលជាវីរុសផ្តាសាយបក្សីដំបូងគេ និងត្រូវបានរាយការណ៍ថាបានឆ្លងដល់មនុស្សនៅក្នុងប្រទេសចិន កាលពីខែមីនា ឆ្នាំ ២០១៣ ហើយវាបានរីករាលដាលក្នុងរដូវរងា និងរដូវផ្ការីកកន្លងមក។

ក្នុងនោះការស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា លទ្ធផលនៃការសិក្សាក៏បានបង្ហាញថាវ៉ាក់សាំងខាងលើនេះអាចមានសក្តានុពលក្នុងការគ្រប់គ្រងការរាតត្បាតនៃមេរោគដែលបង្កឡើងឱ្យមានជំងឺផ្នែកផ្លូវដង្ហើម៕ ប្រភព៖ Khaosod