រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ថ្វីត្បិតតែមានបទឈប់បាញ់គ្នា ជាបបណ្ដោះអាសន្ន ត្រូវបានប្រកាស នៅក្នុងទីក្រុង ចំនួន២ក្ដី ប៉ុន្ដែសង្គ្រាម នៅតែបន្ដ វាយប្រយុទ្ធគ្នា នៅពាសពេញ ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ថា បណ្ដាញផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ អំពីការបំផ្ទុះអាវុធ និង ការវាយឆ្មក់ តាមអាកាសនៅក្នុងទីក្រុងនានា កំពុងតែបន្ដ ខណៈការវាយលុករបស់រុស្ស៊ី បានឈានចូលដល់ថ្ងៃទី១០ ហើយ។

បើតាមបណ្ដាញសារព័ត៌មាន Ukraine-24 បានឲ្យដឹងថា ការបាញ់ផ្លោង នៅក្នុងទីក្រុង Sumy នាភាគខាងកើត ប្រទេសអ៊ុយក្រែន ក៏នៅតបន្ដ ខណៈបច្ចុប្បន្ន ទីក្រុងនោះត្រូវបានកងទ័ពរុស្ស៊ី ចាប់ផ្តើមឡោមព័ទ្ធ កាលពីវេលាម៉ោង ៥ព្រឹក (02:00 GMT) ថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ វេលាក្នុងស្រុក ។

បើតាមសារព័ត៌មានឯករាជ្យ The Kyiv ក៏បានបញ្ជាក់ នៅលើបណ្ដាញធ្វីធើរ អំពីការវាយឆ្មក់ តាមអាកាសរបស់កងទ័ពរុស្ស៊ី ទៅលើរដ្ឋធានីគៀវ ក៏ដូចជា ទីក្រុងស៊ូមី (Sumy) ទីក្រុងហ្ស៊ីតូមៀរ (Zhytomyr) និង ទីក្រុងឆើនីហ៊ីវ (Chernihiv) ។ ជាមួយគ្នានេះ សារព័ត៌មាននោះ ក៏បានស្នើដល់ប្រជាពលរដ្ឋ ទៅរកទីជម្រក ដែលនៅជិតបំផុត៕