អន្តរជាតិ៖ អ្នកជំនួញទ្រព្យស្ដុកជនជាតិរុស្ស៊ីម្នាក់ បានប្រកាសផ្ដល់ប្រាក់ ១លានដុល្លារ ជាថ្នូរសម្រាប់អ្នកដែលចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ដោយអ្នកជំនួញរូបនោះក៏បានស្នើសុំឱ្យមន្ត្រីយោធារុស្ស៊ី ចាប់ខ្លួនលោក ពូទីន ​ក្នុងនាមជា​ឧក្រិដ្ឋជន​សង្រ្គាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businessinsider

លោក Alex Konanykhin ដែលជាវិនិយោគិនគ្រីបតូ និងជាពាណិជ្ជករដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា “ខ្ញុំសន្យាថានឹងផ្តល់ប្រាក់ចំនួន ១,០០០,០០០ដុល្លារ ដល់មន្ត្រីដែលគោរពតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ពួកគេ ដោយការចាប់ខ្លួនលោក ពូទីន ក្នុងនាមជាឧក្រិដ្ឋជនសង្គ្រាមក្រោមច្បាប់រុស្ស៊ី និងច្បាប់អន្តរជាតិ” ។

លោក Konanykhin បានអះអាងថា លោក ពូទីន បានបំពានរដ្ឋធម្មនុញ្ញរុស្ស៊ី ដោយ “លុបបំបាត់ការបោះឆ្នោតដោយសេរី និងសម្លាប់គូប្រជែងរបស់គាត់” ។

លោកបានបន្ថែមទៀតថា “ក្នុងនាមជាជនជាតិរុស្សី និងជាពលរដ្ឋរុស្ស៊ី ខ្ញុំយល់ឃើញថា វាជាកាតព្វកិច្ចខាងសីលធម៌របស់ខ្ញុំ ដើម្បីជួយសម្រួលដល់ការបង្ខូចកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ ខ្ញុំនឹងបន្តជំនួយរបស់ខ្ញុំដល់អ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងជាវីរភាពរបស់ខ្លួន ដើម្បីទប់ទល់នឹងការវាយលុករបស់ Orda របស់លោក ពូទីន” ។

យ៉ាងណាមិញនៅពេល សួរថាតើគាត់ខ្លាចការសងសឹកពីពូទីនទេ អ្នកជំនួញបាននិយាយថា ” គាត់មិនបានទៅលេងរុស្ស៊ីតាំងពីឆ្នាំ ១៩៩២ ហើយពូទីនត្រូវបានគេស្គាល់ថាជាអ្នកសម្លាប់គូប្រជែងរបស់ខ្លួន ហើយក៏មានសត្រូវរាប់លាននាក់ឥឡូវនេះ” ។ គួរឱ្យដឹងថា លោក Konanykhin មានទ្រព្យសម្បត្តិ ៣០០លានដុល្លារ ត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ប៉ុន្តែបានប្រឈមនឹងហានិភ័យនៃការនិរទេសនៅពេលដែលឋានៈរបស់គាត់ត្រូវបានដកហូតវិញ ៤ឆ្នាំក្រោយ។ ប៉ុន្តែស្ថានភាព​សិទ្ធិ​ជ្រក​កោន​របស់​គាត់​ត្រូវ​បាន​គេ​ប្រគល់មក​វិញ​ក្នុង​ឆ្នាំ ២០០៧ ៕