អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា “ប្រតិបត្តិការយោធាពិសេស” របស់លោក ដែលត្រូវបានគេស្គាល់ថាជា ការលុកលុយរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន គឺ “ប្រព្រឹត្តទៅយ៉ាងរលូនតាមផែនការ ប្រកបដោយជោគជ័យ”។

ការ​អះអាង​របស់​លោក​កើត​ឡើង​ បើ​ទោះ​បីជា​មាន​អ្នក​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា ការ​លុកលុយ​មិន​បានដំណើរការតាម​ផែនការ​ក៏​ដោយ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនថា បានចាប់ ពលរដ្ឋបរទេសរាប់ពាន់នាក់ធ្វើជាចំណាប់ខ្មាំង និងប្រើប្រាស់ជនស៊ីវិលធ្វើជាខែលមនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងទាំងនេះទេ។

លោកបានបន្ថែមថា ជនជាតិរុស្សី និងអ៊ុយក្រែន គឺជាប្រជាជនតែមួយ ហើយបាននិយាយទៀតថា លោកនឹងបំផ្លាញ “យុទ្ធនាការប្រឆាំងរុស្ស៊ី” ដែលបង្កើតឡើងដោយលោកខាងលិច៕