រដ្ឋធានីមូស្គូ៖ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី បានប្រកាសពីការធ្វើសង្គ្រាម វាយលុក ចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក ពលរដ្ឋរុស្ស៊ី បាននាំគ្នា តវ៉ាប្រឆាំងនឹងសង្គ្រាមនេះ ហើយនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស រហូតឈានដល់ការចាប់ខ្លួនក្រុមអ្នកតវ៉ា ជាង២០០០នាក់បន្ថែមទៀត កាលពីថ្ងៃទី២៧ ខែកុម្ភៈ​។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ថា អង្គការសិទ្ធិមនុស្ស Rights Watchdog បានអះអាងថា ក្រុមបាតុករ ជាង ៥ ០០០នាក់ ត្រូវបានចាប់ឃុំខ្លួន នៅទូទាំងប្រទេសរុស្ស៊ី ចាប់តាំងពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានចាប់ផ្ដើមធ្វើសង្គ្រាម វាយលុកចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

អ្នកឃ្លាំមើលឯករាជ្យមួយ បានអះអាងថា ប៉ូលិស នៅក្នុងប្រទេសរុស្ស៊ី បានចាប់ខ្លួនក្រុមបាតុករ ប្រឆាំងនឹងសង្គ្រាម ជាង ២ ០០០នាក់ នៅទូទាំងប្រទេស នៅថ្ងៃទី៤ នៃសង្រ្គាមលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែន ដែលបានធ្វើឱ្យប្រជាជនរុស្ស៊ី ជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

អ្នកឃ្លាំមើលឯករាជ្យមួយ បានបន្ថែមថា ក្រុមអ្នកតវ៉ាប្រឆាំងនឹងសង្គ្រាម ចំនួន ២ ១១៤នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ធ្វើឲ្យចំនួនអ្នកត្រូវចាប់ខ្លួន កើនដល់ ៥ ២៥០នាក់ ចាប់តាំងពីលោក ពូទីន បានប្រកាសធ្វើសង្គ្រាម ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន កាលពីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ។

ក្រុមអ្នកតវ៉ាជនជាតិរុស្ស៊ី បានសរសេរ នៅលើបដារបស់ពួកគេថា «មិនត្រូវធ្វើសង្គ្រាម» កងទ័ពរុស្ស៊ី ត្រូវវិលចូលមាតុប្រទេសវិញ ហើយសន្ដិភាពត្រូវតែកើតមាន សម្រាប់ប្រទេសអ៊ុយក្រែន»៕