អន្តរជាតិ៖ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារមកលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតមកទល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ ដោយការវាយប្រហារនេះហាក់មិនមានការអន់ថយនោះទេ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងស្លាប់បាត់បង់ជីវិត ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង រត់គេចចេញពីប្រទេស ដើម្បីរកកន្លែងមានសុវត្ថិភាព។

ជាមួយគ្នានេះផងដែរ យើងបានឃើញប្រទេសមហាអំណាចជាច្រើនដូចជា អាមេរិក អង់គ្លេស អាឡឺម៉ង់ ជប៉ុន សហភាពអ៊ឺរ៉ុប បានព្រមាន ក៏ដូចជាធ្វើការដាក់ទណ្ឌកម្មភ្លាមៗទៅលើប្រទេសរុស្សី ដោយប្រទេសអាឡឺម៉ង់បានបង្ខាំងបំពង់បង្ហូរប្រេងពីរុស្សីចូលអាឡឺម៉ង់ ដោយបានប្រកាសផ្អាករកស៊ីទៅលើវិស័យមួយនេះជាមួយរុស្សី។ ចំណែកប្រទេសអង់គ្លេស បានដាក់ទណ្ឌកម្មទៅលើធនាគារធំៗ ក៏ដូចជាសេដ្ឋីរុស្សីមួយចំនួនធំ។

ដូច្នេះហើយថ្ងៃនេះយើងសូមលើកឡើងពីចំនុចមួយដើម្បីស្រាយចម្ងល់របស់មហាជនថាតើការដាក់ទណ្ឌកម្មទៅលើរុស្សីមានប្រសិទ្ធភាពដែរ ឬទេ? បើមើលតាមស្ថានភាពជាក់ស្ដែង នឹងការប្រុងខ្លួនជាយូរឆ្នាំមកហើយរបស់រុស្សី ការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសមហាអំណាចគឺមិនមានប្រសិទ្ធភាពនោះទេ។

រុស្សី បានដឹងខ្លួនជាស្រេចហើយនៅក្នុងការចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន វាប្រាកដណាស់ប្រទេសលោកខាងលិចនឹងដាក់ទណ្ឌកម្មទៅលើប្រទេសខ្លួន មិនត្រឹមតែប៉ុណ្ណោះរុស្សីបានទាំងដឹងខ្លួនគេនឹងទណ្ឌកម្មទៅលើផ្នែកអ្វីខ្លះទៀតផង មុននឹងមេដឹកនាំប្រទេសណាមួយសម្រេចចិត្តចូលលុកលុយប្រទេសណាមួយគឺគេរៀបចំខ្លួន លៃលកពីទំហំខូចខាតរួចហើយ សញ្ញាទាំង៦ ដែលបង្ហាញថារុស្សីបានប្រុងប្រៀបខ្លួនមុន៖

១. រុស្សីសព្វថ្ងៃនេះបានកាត់បន្ថយការប្រើប្រាស់លុយដុល្លារ
២. រុស្សីបានងាកទៅរកចិនឲ្យជួយការពារសេដ្ឋកិច្ច បើសិនជាលោកខាងលិចដាក់ទណ្ឌលើប្រទេសខ្លួនគឺគេនៅមានចិន ដោយការពីពេលថ្មីៗនេះរុស្សីបានចុះកិច្ចព្រមព្រៀងលក់ឧស្ម័នឲ្យទៅប្រទេសចិន ក្នុងរយៈពេល៣០ឆ្នាំ ដែលមានតម្លៃរាប់ពាន់លានដុល្លារ បើសិនជាខាងអ៊ឺរ៉ុបមិនទិញឧស្ម័នរបស់ខ្លួន ក៏នៅមានចិនចាំទិញឧស្ម័នរបស់គេដែរ
៣. នៅក្នុងខែនេះរដ្ឋាភិបាលរុស្សី បានប្រកាសថា Bitcoin គឺជាលុយស្របច្បាប់នៅក្នុងប្រទេស បើសិនជាលោកខាងលិចឃាំងលុយដុល្លារ ក៏គេនៅមានផ្លូវក្រោយសម្រាប់ដើរដែរ
៤. រុស្សី ជាមួយអាមេរិក មិនមានការធ្វើពាណីជ្ជកម្មជាមួយគ្នាច្រើននោះទេ ពោលគឺមានត្រឹមតែបន្តិចបន្តួចតែប៉ុណ្ណោះ
៥. សេដ្ឋីរុស្សី ភាគច្រើនបានប្រមែប្រមូលទ្រព្យសម្បត្តិពីក្រៅប្រទេសយកមកក្នុងរុស្សីវិញអស់ហើយ ដែលការយកចូលនេះគឺយកចូលតាំងពីជំនាន់លោក ប៉ារ៉ាក់អូប៉ាម៉ា នៅកាន់អំណាច ដូចនេះបើសិនជាលោកខាងលិចចង់បង្កកទ្រព្យសម្បត្តិទៅលើមហាសេដ្ឋីរុស្សី គឺពុំសូវមានប្រសិទ្ធភាពទេ
៦. ចិន និងរុស្សី បានបង្កើតប្រព័ន្ធទូទាំងបង់ប្រាក់ជាមួយគ្នា ដោយពុំចាំបាច់ប្រើប្រាស់ប្រាក់ដុល្លារទេ ដូចនេះបើអាមរិកឃាំងប្រាក់ដុល្លារពីរុស្សី ក៏រុស្សីនៅតែមានផ្លូវធ្វើពាណិជ្ជកម្មដែរ នេះមានន័យថារុស្សីបានធ្វើការដោះដូរប្រាក់តាមរយៈចិននៅពីខាងក្រោយ ៕