រុស្សី៖ ប៉ូលិសរុស្ស៊ីបានឃុំខ្លួនមនុស្សជាង១ ៧០០នាក់ នៅឯការតវ៉ាប្រឆាំងសង្រ្គាមនៅទូទាំងទីក្រុងជាច្រើន ខណៈដែលមនុស្សរាប់ពាន់នាក់បានដើរតាមផ្លូវប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងម៉ូស្គូ ដោយស្រែកថា “កុំធ្វើសង្រ្គាម!” បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពទៅឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost

ជាមួយគ្នានេះដែរ តន្ត្រីករ តារាទូរទស្សន៍ និងតារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយចំនួន បានធ្វើការបង្ហោះប្រឆាំងនឹងសង្គ្រាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនធំក៏បានសម្តែងការមិនពេញចិត្តផងដែរ ទោះបីជាមានមនុស្សតិចណាស់បានរិះគន់លោក ពូទីន និងរដ្ឋាភិបាលរបស់គាត់ផ្ទាល់ក៏ដោយ។

តារាកំប្លែង និងជាពិធីករទូរទស្សន៍ Maxim Galkin បានសរសេរនៅលើ Instagram ថា “ខ្ញុំបានទូរស័ព្ទជាមួយសាច់ញាតិរបស់ខ្ញុំមកពីអ៊ុយក្រែនតាំងពីព្រឹកព្រលឹម ខ្ញុំ​មិន​អាច​ពិពណ៌នា​ពី​អ្វី​ដែល​ខ្ញុំ​មាន​អារម្មណ៍​នៅ​ពេល​នេះ​ឡើយ តើ​វា​អាច​ទៅ​រួច​ឬយ៉ាង​ណា​ទៅ! គ្មានហេតុផលសម្រាប់សង្គ្រាមទេ! អត់មានសង្រ្គាមទេ!”

តារាចម្រៀង Valery Meladze បាននិយាយនៅលើ Instagram ថា “ប្រវត្តិសាស្រ្តនឹងវិនិច្ឆ័យនិងដាក់អ្វីគ្រប់យ៉ាងនៅក្នុងកន្លែងរបស់វា។ ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​បញ្ឈប់​សកម្មភាព​យោធា ហើយ​មក​ជួប​ជុំ​គ្នា​ក្នុង​ការ​ចរចា»។

គួរជម្រាបដែលថា  គិតត្រឹមពេលនេះគឺរយៈពេលមួយដំបូងនៃការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺវាបានបណ្តាលឲ្យមនុស្សចំនួន ១៣៧នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់បន្ថែមថា ក្រៅតែពីមានអ្នកស្លាប់ក៏មានពលរដ្ឋចំនួន ៣១៦នាក់ផ្សេងទៀតត្រូវរងរបួស និងពលរដ្ឋប្រមាណជា ១០០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋមួយចំនួនត្រូវសម្ងំលាក់ខ្លួននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដើម្បីការពារខ្លួនពីគ្រាប់ផ្លោង ៕