រដ្ឋធានីណៃពិដោរ៖ ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម បានផ្ទុះឡើងជាថ្មី រវាងកងទ័ពរបបសឹកមីយ៉ាន់ម៉ា និង ក្រុមចលនាតស៊ូ នៅក្នុងទីក្រុងឃី-យូ (Khin-U) តំបន់សាហ្គេង (Sagaing) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមចលនាតស៊ូប្រដាប់អាវុធ បានប្ដេជ្ញាតស៊ូ រហូតដល់របបផ្ដាច់ការយោធា នៅក្នុងប្រទេសរបស់ពួកគេដួលរលំ។

សារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានោះ បានបណ្ដាលឲ្យកម្លាំងចលនាតស៊ូ យ៉ាងតិច១២នាក់បាត់បង់ជីវិត។ ដោយឡែក កងទ័ពរដ្ឋាភិបាលសឹក មិនទាន់មានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់ នៅក្នុងការប៉ះទង្គិចគ្នានោះទេ។

បើតាមប្រព័ន្ធផ្សព្វផ្សាយ និង ក្រុមចលនាតស៊ូប្រឆាំងនឹងអំពើរដ្ឋប្រហារ បានឱ្យដឹងថា កម្លាំងតស៊ូ ភាគច្រើនប្រដាប់ ដោយអាវុធផលិតក្នុងស្រុក បានវាយប្រហារលើទាហានរបបសឹក ប្រហែល៨០នាក់ បានលួចចូលមកដុតផ្ទះសម្បែងរបស់អ្នកស្រុក នៅក្នុងភូមិមីយ្យ៉ូធីត (Myothit) នាភាគខាងលិច ក្រុងឃីន-យូ (Khin-U) តំបន់សាហ្គេង (Sagaing)។

កម្លាំងបដិវត្ដន៍ប្រដាប់អាវុធ (ហៅកាត់ ARF) ប្រចាំនៅទីក្រុងឃីន-យូ ពាក់ព័ន្ធក្នុងការវាយប្រយុទ្ធគ្នានោះ បានអះអាងថា ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងនោះ បានកើតឡើង ខណៈកងទ័ពរបបសឹកមីយ៉ាន់ម៉ា បានចូលមកដើរលួចទ្រព្យសម្បត្ដិ នៅតាមផ្ទះសម្បែងរបស់អ្នកភូមិ និងលួចអង្ករលើកដាក់លើរថយន្ដធុនធំរបស់ពួកគេ ចំនួន៣គ្រឿង។

អ្នកនាំពាក្យ កម្លាំងបដិវត្ដន៍ប្រដាប់អាវុធ បានឲ្យដឹងថា យុទ្ធជន ARF របស់ខ្លួន ចំនួន៦នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារគ្នានោះ ហើយអ្នកខ្លះទៀតបានរងរបួស។ ប៉ុន្ដែពួកគេមិនទាន់ដឹង អំពីចំនួនគ្រោះថ្នាក់របស់កងទ័ពរបបសឹកនោះឡើយ។

ជាមួយគ្នានេះដែរ ក្រុមចលនាតស៊ូចម្រុះ បានត្អូញត្អែរថា បញ្ហាប្រឈមមុខចម្បងរបស់ក្រុមចលនាតស៊ូ គឺមានគ្រឿងសព្វាវុធមិនសមស្រប ហើយពួកគេមានតែអាវុធកែច្នៃ សម្រាប់វាយប្រហារជាមួយនឹងកងទ័ពរដ្ឋាភិបាល នៅលើសមរភូមិប្រយុទ្ធ។ ដូច្នេះយុទ្ធជនតស៊ូរបស់ពួកគេ ងាយនឹងរងគ្រោះខ្លាំង ដោយសារកងទ័ពរបបសឹក ប្រើប្រាស់សុទ្ធតែកាំភ្លើងទំនើប និងស្វ័យប្រវត្ដិ។

ក្រុមចលនាតស៊ូ បានបញ្ជាក់ថា «ពួកយើងមិនខ្វល់នឹងការប្រយុទ្ធគ្នា នៅលើសមរភូមិតទល់នោះឡើយ។ ប៉ុន្ដែអ្វី ជាបញ្ហាចម្បងរបស់ពួកយើង គឺការមិនមានអាវុធសមស្រប ហើយពួកយើងមានការខ្វះខាតគ្រឿងសឹកយ៉ាងធ្ងន់ធ្ងរបំផុត។ ដូច្នេះពួកយើងសូមឲ្យប្រជាពលរដ្ឋ និងរដ្ឋាភិបាលរួបរួមជាតិ (NUG) ឬ រដ្ឋាភិបាលស្រមោល ជួយផ្គត់ផ្គង់គ្រឿងសឹកឲ្យមកដល់ពួកយើង។ ពួកយើងទាំងអស់គ្នាប្តេជ្ញាតស៊ូ រហូតដល់របបផ្តាច់ការយោធា នៅក្នុងប្រទេសរបស់យើង ដួលរលំ៕