រដ្ឋធានីគៀវ៖ ក្រោយពេល ពួកចលនាផ្ដាច់ខ្លួន បានចោទប្រកាន់ទៅលើកងទ័ពអ៊ុយក្រែន ពីការបាញ់ផ្លោងកាំភ្លើងធំ ដាក់ទៅលើតំបន់គ្រប់គ្រងរបស់ពួកគេនោះមក តែពេលនេះ យោធារបស់ប្រទេសនេះ បានចោទប្រកាន់ទៅលើក្រុមបះបោរវិញ ពីការវាយប្រហារទៅលើសាលារៀន។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ថា កងទ័ពអ៊ុយក្រែន បានចោទប្រកាន់ទៅលើក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្រដោយរុស្ស៊ី អំពីការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ធ្លាក់មកចំសាលាមតេ្តយ្យមួយកន្លែង ស្ថិតក្នុងភូមិមួយ នៃតំបន់លូហាន់ស្កិ៍ (Luhansk)។ ប៉ុន្ដែការវាយប្រហាររបស់ក្រុមបំបែកខ្លួន មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ថា ក្រុមបំបែកខ្លួនគាំទ្រ ដោយរុស្ស៊ី នៅភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ បានចោទប្រកាន់ទៅលើកងទ័ពអ៊ុយក្រែន អំពីការប្រើប្រាស់កាំភ្លើងត្បាល់ គ្រាប់បែកដៃ និងកាំភ្លើងយន្ត វាយប្រហារទៅលើតំបន់គ្រប់គ្រងរបស់ពួកគេ នៅក្នុងហេតុការណ៍ ចំនួនបួនផ្សេងគ្នា។

ទោះជាយ៉ាងណា ភ្លាមៗនោះ យោធាអ៊ុយក្រែន បានចេញមុខច្រានចោល ចំពោះការចោទប្រកាន់ ពីសំណាក់ក្រុមឧទ្ទាមផ្តាច់ខ្លួន នៅភាគខាងកើត ប្រទេសដែលធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀតមួយនេះ។ កងទ័ពអ៊ុយក្រែន បានចោទប្រកាន់ទៅពួកឧទ្ទាម ថា ពួកនេះទៅវិញទេ ជាអ្នកវាយប្រហារមកលើកងទ័ពរបស់ខ្លួន៕