បរទេស៖ បច្ចុប្បន្ន ស្ថានការណ៍ នៅតំបន់អឺរ៉ុបខាងកើត កំពុងប្រឈមមុខនឹងភាពតានតឹង កាន់តែខ្លាំងឡើង រវាងរុស្ស៊ី និង មហាអំណាចបច្ចិមលោក ក្រោយពេលក្រុងមូស្គូ បានបញ្ជូនកងទ័ពរបស់ខ្លួន ជាង១០០ ០០០នាក់ ទៅដាក់ពង្រាយ នៅតាមព្រំដែនរបស់អ៊ុយក្រែន ហើយសកម្មភាពយោធាបែបនេះ ធ្វើឲ្យមនុស្សជាច្រើន កាន់តែចង់ដឹងថា តើរុស្ស៊ីខ្លាំងដល់កម្រិតណា ទើបហ៊ានតតាំងជាមួយនឹងសហរដ្ឋអាមេរិក?

នៅក្នុងអំឡុងសង្គ្រាមត្រជាក់ មានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង រវាងប្លុកកុម្មុយនីស្ដ ដែលមានសហភាពសូវៀត ជាបងធំ និងលោកសេរី មានសហរដ្ឋអាមេរិក ជាបងធំ។ ប៉ុន្ដែលទ្ធផលចុងបញ្ចប់ សហភាពសូវៀត ត្រូវបានដួលរលំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមស្នាដៃរបស់បច្ចិមលោក (ឬលោកខាងលិច) ។ ដោយឡែក រដ្ឋចំនួន១៥ ធ្លាប់ជាចំណុះឲ្យសហភាពសូវៀត ក៏បានក្លាយជាប្រទេសឯករាជ្យ។ ក្នុងចំណោមរដ្ឋទាំងនោះ គឺរុស្ស៊ី ជារដ្ឋខ្លាំង និង មានដែនដីធំជាងគេ (១៧លានគីឡូម៉ែត្រការ៉េ) ក៏ក្លាយជាសហព័ន្ធន៍រុស្ស៊ី ហើយមានកម្លាំងយោធាដ៏ខ្លាំងក្លាបំផុត និងកំពុងតែស្ដារឥទ្ធិពលរបស់ខ្លួនឡើងវិញ នៅលើពិភពលោក។

បច្ចុប្បន្ន សហរដ្ឋអាមេរិក នៅតែជាមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធា នៅលើពិភពលោក។ មហាអំណាចបច្ចិមលោកមួយនេះ និង សម្ពន្ធមិត្តណាតូ ក៏ធ្លាប់កាច់បំបាក់សហភាពសូវៀត ដែលជាបងធំដ៏មានឥទ្ធិពលបំផុត នៅក្នុងប្លុកកុម្មុយនីស្ដ ឲ្យដួលរលំ ហើយរដ្ឋធ្លាប់ជាចំណុះឲ្យសហភាពសូវៀត ក៏ត្រូវបែកខ្ញែកគ្នាអស់ និង បានបង្កើតជាប្រទេសឯករាជ្យ រហូតមកតរៀងមក។

ក្រោយការដួលរលំ នៃសហភាពសូវៀត នោះមក រដ្ឋរុស្ស៊ី បានក្លាយជាសហព័ន្ធន៍រុស្ស៊ី ហើយបច្ចុប្បន្ន ក៏កំពុងតែមានអំណាចដ៏ខ្លាំងក្លា លើវិស័យយោធា ដោយឈរក្នុងលំដាប់លេខ២ នៅលើពិភពលោក។ បច្ចុប្បន្ន រុស្ស៊ីកំពុងតែប្រកួតប្រជែង ដណ្ដើមភូមិសាស្រ្ដនយោបាយ និង ស្ដារឥទ្ធិពលរបស់ខ្លួនឡើងវិញ។ ជាមួយគ្នានេះ ក្រុងមូស្គូបានបញ្ជូនកងទ័ព ជាង ១០០ ០០០នាក់ទៅដាក់ពង្រាយ នៅជិតព្រំដែនរបស់អ៊ុយក្រែន ធ្វើឲ្យលោកខាងលិច ព្រួយបារម្ភ អំពីលទ្ធភាព នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើរដ្ឋធ្លាប់ជាចំណុះឲ្យអតីតសហភាពសូវៀតមួយនេះ។

ដោយសារតែរុស្ស៊ី នៅតែជាប្រទេសមហាអំណាចយោធា មិនចាញ់នឹងសម័យសហភាពសូវៀតប៉ុន្មានផងនោះ ទើបធ្វើឲ្យមនុស្សជាច្រើន ចង់ដឹង ហើយធៀបកម្លាំងយោធាជាមួយនឹងសហរដ្ឋអាមេរិក ថាតើប្រទេសណាខ្លាំងក្លាជាងគេ។ ខាងក្រោមនេះ ជាការប្រៀបធៀប រវាងកម្លាំងយោធា និង ការចំណាយថវិកាជាតិលើវិស័យការពារប្រទេស រវាងប្រទេសមហាអំណាចទាំង២នេះ៖