រដ្ឋធានីណៃពិដោរ៖ អ្នកភូមិ ប្រហែល ៥ ០០០នាក់ រស់នៅតំបន់សាហ្គេង (Sagaing) បានបង្ខំចិត្ត រត់ចោលផ្ទះសម្បែងរបស់ពួកគេ ក្រោយពេលមានការឆ្មក់វាយប្រហារ និង ដុតបំផ្លាញផ្ទះ ពីសំណាក់កងទ័ពរបបសឹកមីយ៉ាន់ម៉ា នៅក្នុងទីក្រុងមីនហ្គីន (Mingin) និងទីក្រុងតាហ្សេ (Taze) ។

សារព័ត៌មានភូមា Irrawaddy (អ៊ីរ៉ាវ៉ាដឌី) បានចេញផ្សាយ កាលពីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ថា កម្លាំងការពារប្រជាជន ប្រចាំនៅក្រុង Mingin (Mingin-PDF) និង អ្នកស្រុក បានឱ្យដឹងថា កម្លាំងទាហានរបបសឹក ជាង២០០នាក់ និង កងជីវពលព្យូសាវហ្ទី ( Pyu Saw Htee) ដែលគាំទ្ររបបយោធា បានឆ្មក់សម្រុក វាយប្រហារ និងដុតបំផ្លាញផ្ទះសម្បែង នៅក្នុងភូមិមូកថា ( Moktha) និង មូកតាត (Mouktat) នៅភាគខាងកើត នៃទីប្រជុំជន Mingin កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ។ អំពើឃោរឃៅចុងក្រោយបំផុតរបស់កងទ័ពរបបយោធាមីយ៉ាន់ម៉ា បានធ្វើមកលើភូមិសាណាប្យ៊ិន ( Sanabyin) បន្ទាប់ពីកម្លាំងចលនាតស៊ូ បានឆ្មក់ វាយប្រហារទៅលើទាហានរដ្ឋាភិបាល បណ្ដាលឲ្យស្លាប់៣នាក់ និងរបួស២នាក់ កាលពីថ្ងៃទី៩ ខែកុម្ភៈ។

អ្នកនាំពាក្យកម្លាំងការពារប្រជាជន ប្រចាំនៅក្រុងមីនហ្គីន ហៅកាត់ Mingin-PDF ថា នៅក្នុងអំឡុងពេលឆ្មក់វាយប្រហារ ពីកងទ័ពរបបយោធា កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ នោះ កម្លាំងរបបសឹក បានដុតបំផ្លាញផ្ទះ ចំនួន១៧៨ខ្នង ក្នុងចំណោម២០០ខ្នង នៅក្នុងភូមិម៉ុកថា និង ផ្ទះជាង១២០ខ្នង រួមទាំងវត្តអារាមផង ក្នុងចំណោមផ្ទះ សរុប ប្រហែល១៥០ខ្នង នៅក្នុងភូមិមូកតាត (Mouktat) ។ សកម្មភាពយោធារបស់រដ្ឋាភិបាលសឹកខាងលើនេះ បានបណ្ដាលឲ្យជនស៊ីវិល ប្រហែល ៥ ០០០នាក់ រត់ចោលផ្ទះសម្បែង៕