ប្រទេសចិន៖ ប្រទេសចិនបានបង្កើតនូវភាពអស្ចារ្យដល់ពិភពលោកក្រោយបានបង្កើតនូវរថភ្លើងក្រោមដីល្បឿនលឿន និងមានជម្រៅជ្រៅបំផុតនៅលើពិភពលោក ដែលសង់នៅក្រោមដីនៃមហាកំពែងរបស់ខ្លួន។

ក្នុងរយៈពេលថ្មីៗនេះសារព័រមានមួយបានរាយការណ៍ថាប្រទេសចិន កំពុងតែដំណើរការស្ថានីយ៍រតភ្លើងមួយឈ្មោះថា Beijing-Zhangjiakou ដែលទើបតែបានបញ្ចប់ការរសាងសង់រួចរាល់ និងជាកន្លែងមិនឆ្ងាយពីច្រកចូល Badaling  ដែលជាផ្នែកនៃមហាកំពែងចិន។ ការសាងសង់ស្ថានីយ៍រថភ្លើងមួយនេះមានកម្ពស់បីជាន់នៅក្រោមដីជម្រៅ ១០២ ម៉ែត្រ គ្របដណ្តប់លើផ្ទៃដីជាង ៣៦,០០០ ម៉ែត្រការ៉េ មានប្រវែង ១៧៣.៨ គីឡូម៉ែត្រ រហូតត្រូវបានគេនិយាយថាជាស្ថានីយ៍រថភ្លើងល្បឿនលឿនក្រោមដីដ៏ធំបំផុត និងជ្រៅបំផុតក្នុងពិភពលោក ដោយការសាងសង់ស្ថានីយ៍ដ៏ស្មុគស្មាញបែបនេះ វាពិតជាមិនងាយស្រួលទេ ក្នុងការបង្កើតប្រព័ន្ធផ្លូវរូងក្រោមដីប្រវែង ១២ គីឡូម៉ែត្រនៅពីខាងក្រោមមហាកំផែង ក្នុងនោះតាមរយៈការតភ្ជាប់ផ្លូវដែក និងស្ថានីយ៍ដែលសាងសង់ក្រោមដីយ៉ាងជ្រៅបែបនេះគឺដើម្បីការពារការខូចខាតរចនាសម្ព័ន្ធមហាកំពែងនៃប្រទេសចិន ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លក្ខណៈសម្បត្តិនៃរថភ្លើង នេះ អាចរត់ក្នុងល្បឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង កាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងធំៗទាំងអស់ពី ៣ ម៉ោងមកនៅត្រឹម ៥៦ នាទី ហើយរថភ្លើងអាចចាប់ផ្តើមឈប់ និងកែតម្រូវល្បឿនផ្សេងៗ រវាងស្ថានីយ៍ដោយស្វ័យប្រវត្តិមិនចាំបាច់បញ្ជាដោយអ្នកបើកបរ ប៉ុន្តែអ្នកបើកបរតម្រូវឱ្យនៅត្រួតពិនិត្យលើរថភ្លើងគ្រប់ពេលវេលា។ បន្ថែមពីលើនេះរថភ្លើងនេះមានទូប្រាំបី គ្រប់ទូនិមួយៗរបស់រថភ្លើងត្រូវបានគេបំពាក់ដោយសញ្ញា ៥G ពន្លឺឆ្លាតវៃ និងឧបករណ៍ចាប់សញ្ញាចំនួន ២,៧១៨ ដើម្បីប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែង (real-time) ដើម្បីរកមើលភាពមិនប្រក្រតីនៃការប្រតិបត្តិការណាមួយក្នុងរថភ្លើងនេះ។

យ៉ាងណាមិញស្ថានីយ៍រថភ្លើងល្បឿនលឿននេះនឹងដាក់ឱ្យដំណើការក្នុងពេលឆាប់ៗខាងមុខនេះនៅ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២ កាន់តែខិតជិតមកដល់ រថភ្លើងល្បឿនលឿនដែលបើកបរដោយខ្លួនឯងដំបូងគេរបស់ពិភពលោកបានត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ហើយ វាអាចដឹកអត្តពលិក និងមន្ត្រីរវាងទីក្រុងធំៗ ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅលើខ្សែរថភ្លើងប្រវត្តិសាស្ត្រ នៃ Beijing-Zhangjiakou នេះជាលើកដំបូង៕ ប្រភព៖ Khaosod