ខេត្តកំពត ៖ រថយន្តដឹកស្រាបៀរ១គ្រឿង ខណៈដែលកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចាក់ស្រាបៀរខ្ទាតរាយប៉ាយពេញដី និងបណ្តាលឲ្យប្រពន្ធអ្នកបើកបរដែលរួមដំណើរជាមួយស្លាប់ ហើយកូនរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង២០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០និង១១១ ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបររថយន្តដឹកស្រាបៀរខាងលើ មានឈ្មោះយ៉ាង សាញ់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលកកោះ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានបើកបររថយន្តសណ្ដោងរឺម៉កម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-6418 និងលេខកន្ទុយរឺម៉កភ្នំពេញ4A – 5515 ដឹកស្រាបៀរ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសខាងកើត។ ពេលមកដល់ចំណុចកើតហេតុ មិនដឹង ជាមានបញ្ហាអី ស្រាប់តែរេចង្កូតរថយន្តធ្លាក់ទៅខាងស្ដាំដៃរួចក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់រថយន្ត និងប្រពន្ធឈ្មោះអាន លន អាយុ៣៧ឆ្នាំ ដែលរួមដំណើរជាមួយស្លាប់កន្លែងកើតហេតុ រីឯកូនឈ្មោះសង សារព្រឹក ភេទប្រុស អាយុ៣ឆ្នាំ របួសស្រាល។ ចំណែកស្រាបៀរ បានខ្ទាតរប៉ាត់រប៉ាយពេញកន្លែងកើតហេតុ និងព្រមទាំងខូចខាតមួយចំនួនធំ។

ប្រភពបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯស្រី្តជាប្រពន្ធត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕https://blogger.googleusercontent.com/img/a/AVvXsEj6KVUK2-3X5J4cM_daAbXBu23iR_fOdqm7JuQsOzhg3BE4zHk55Gwu39HMI92qEuJwtSGt55axVrGiu1KJz0042nT6ocJ4Oa84f_fC7_xeg2HVQykAkoOR9zvGp32mCRwAlDynhiqBewfNxhIURB-XsztAR1fgvZ6Ae4dBfdktaCgOTguV9dIn6tEd=s1280