រាជធានី Nukuʻalofa ៖ បំផ្ទុះភ្លើងក្រោមបាតសមុទ្រ បានវាយប្រហារប្រទេសតុងហ្កា ដោយបានបង្កឲ្យរលកស៊ូណាមិ ហើយមន្រ្ដីរដ្ឋាភិបាលប្រទេសនេះ កំពុងតែសុំជំនួយជាបន្ទាន់ ជួយដល់ប្រជាពលរដ្ឋ នៅលើប្រទេសស្ថិតក្នុងប្រជុំកោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថា ក្រោយពេលបំផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ បានវាយប្រហារប្រទេសតុងហ្កា (Tonga) ហើយបង្កឲ្យក្លាយជារលកយក្សស៊ូណាមិ នោះមក មន្រ្ដីតុងហ្គាកំពុងតែអំពាវនាវសុំរកជំនួយជាបន្ទាន់ ជាមួយនឹងតម្រូវការបន្ទាន់ សម្រាប់ទឹកសាប និងអាហារ។ ចំណេកការវាយតម្លៃ ពីទំហំខូចខាត ដែលបណ្តាលមកពីការផ្ទុះ កាលពីថ្ងៃសៅរ៍ ទី១៥ ខែមករា នៅមិនទាន់ដឹង។

លោក Scott Morrison នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានសន្យាផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រទេសតុងហ្កា ឱ្យបានលឿនបំផុត តាមតែេអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្រ្ដី បានទទួលស្គាល់ថា កម្ទេចផេះភ្នំភ្លើងនេះ កំពុងតែបង្កការរំខានដល់ប្រតិបត្តិការផ្ដល់ជំនួយផងដែរ។

លោក Morrison បានបញ្ជាក់ប្រាប់ ស្ថានីយវិទ្យុ 2GB កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែមករា ថា «ករណីនេះកំពុងតែប្រឈមនឹងបញ្ហាជាច្រើន ដោយសារកម្ទេចផេះភ្នំភ្លើង កំពុងបង្កការរំខានដល់ទំនាក់ទំនង និងការងាររបស់យើង។ ប៉ុន្ដែទោះជាយ៉ាងណា យើងនឹងធ្វើការងារជាមួយគ្នា ដើម្បីផ្ដល់ជំនួយដល់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

សូមជម្រាបថា តុងហ្កា ជាប្រទេសតូចមួយ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ិហ្វិកខាងត្បូង ដោយមានផ្ទៃដីទំហំ ៧៤៨គីឡូម៉ែត្រការ៉េ និងមាន ពលរដ្ឋ ជាង១០០ ០០០នាក់។ ប្រទេសនៅលើប្រជុំកោះមួយនេះ ប្រកាន់យករបបរាជានិយម ដោយមានព្រះមហាក្សត្រ Tupou ទី៧ (Tupou VI) ជាស្ដេចគ្រងរាជ្យ៕