បរទេស៖ កូរ៉េខាងជើង បានបន្ដបាញ់សាកល្បងមីស៊ីល ទាំងព្រឹកព្រលឹម ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ហើយមីស៊ីលនោះត្រូវបានឆ្មាំការពារដែនសមុទ្រជប៉ុន គិតថា អាចជាប្រភេទមីស៊ីលបាលី្លស្ទីក (Ballistic Missile) ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ថា នៅតាមឆ្នាំ២០២២ នេះ កូរ៉េខាងជើង បានបាញ់ស្លាកល្បងមីស៊ីលចំនួន៤គ្រាប់ ដោយរួមទាំងការបាញ់ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

ដោយឡែក មន្រ្ដីយោធាកូរ៉េខាងត្បូង បានរាយការណ៍ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ថា មន្រ្ដីជំនាញយោធាកូរ៉េខាងត្បូង ចាប់បានសញ្ញាបាញ់គ្រាប់មីស៊ីលចំនួន១គ្រាប់ បាញ់ចេញពីទឹកដីកូរ៉េខាងជើង។ មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងដែនសមុទ្រ នាភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។ កាលពីពេលកន្លងមកនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ចំនួន៣លើក ដោយលើកទី ១ និង ២ (មានចំនួន២គ្រាប់) ហើយសុទ្ធតែជាប្រភេទ គ្រាប់មីស៊ីលមានល្បឿនលឿនជាងសំឡេង (Hypersonic missile) និង លើកទី ៣ (ចំនួន២គ្រាប់) ជាប្រភេទមីស៊ីលបាលី្លស្ទីក (Ballistic Missle) រយៈចម្ងាយខ្លី ដែល បាញ់ចេញពី «ជើងទម្រចល័ត» នៅលើផ្លូវរថភ្លើង។ រីឯការបាញ់លើកទី៤ សម្រាប់ថ្ងៃនេះ គឺគេនៅមិនទាន់អាចកំណត់ដឹង ពីប្រភេទមីស៊ីលនោះជាក់លាក់ឡើយ។

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់បែបនេះ បានកើតឡើង ក្រោយពេលរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មទៅលើបុគ្គល៦នាក់ជាជនជាតិកូរ៉េខាងជើង ដោយសារពួកគេមានការជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង៕