រដ្ឋធានីម៉ានីល៖ ក្រោយពេលបុរសខ្លាំង នៅហ្វីលីពីន បានគំរាមកំហែងដល់ពលរដ្ឋនោះមក ប៉ូលិស នៃប្រទេសអាស៊ានមួយនេះ កំពុងតែពិនិត្យបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋណា មិនព្រមទទួលការចាក់វ៉ាក់សាំងកូវីដ ហើយបទបញ្ជាដ៏ចម្រូងចម្រាសនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញការផ្ទុះឡើងនូវការរាតត្បាត ពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង (Omicron) ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថា រដ្ឋាភិបាលហ្វីលីពីន កំពុងតែស្វះស្វែង រកបទបញ្ជាមួយ ដោយអនុញ្ញាតឱ្យអាជ្ញាធរភូមិ អាចធ្វើដំណើរ ពី «ផ្ទះមួយទៅផ្ទះមួយ» ហើយកត់ត្រាស្ថានភាព នៃការចាក់ថ្នាំបង្ការរបស់អ្នកស្រុកទាំងអស់។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលលោក រ៉ូឌ្រីហ្គោ ឌូតើរទែ ( Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន បានគំរាមកំហែង ចាប់ខ្លួនអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក អេភីម៉ាកូ ដែនសីង (Epimaco Densing) អនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃហ្វីលីពីន បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ ថា បទបញ្ជាថ្មីនេះ ត្រូវគេរំពឹងថា លោក អេឌូអាតដូ អាណូ (Eduardo Ano) រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នឹងចុះហត្ថលេខា ឲ្យក្លាយបទបញ្ជាស្របច្បាប់។ បទបញ្ជាថ្មីនេះ ក៏នឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យមើល ពីស្ថានភាព នៃការចាក់ថ្នាំបង្ការរបស់ប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗ ទាំង ៤២ ០៤៦ នៅទូទាំងប្រទេសហ្វីលីពីន។

លោកអនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃហ្វីលីពីន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CNN Philippines ថា មន្រ្ដីទាំងអស់ នឹងត្រូវតែធ្វើដំណើរ ពីផ្ទះមួយទៅផ្ទះមួយ ហើយស្ទាបស្ទង់ ឬ ពិនិត្យមើលបញ្ជី នៃការចាក់វ៉ាក់សាំងរបស់ពួកគេ។ ការពិនិត្យនេះ គឺសំដៅទៅលើបុគ្គល ជាពិសេស អ្នកមិនបានទទូលការចាក់វ៉ាក់សាំង នឹងត្រូវបានកំណត់អត្តសញ្ញាណ។

លោកអនុរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃហ្វីលីពីន បានបន្ថែមថា មន្រ្ដីទាំងអស់ត្រូវតែពិនិត្យ ក្នុងគោលបំណង ឲ្យដឹងថា តើពួកគេនឹងចេញពីលំនៅឋានរបស់ពួកគេ សម្រាប់ការទិញទំនិញ និងសេវាកម្មសំខាន់ៗឬអត់? ប៉ុន្ដែអ្នកស្រុកណាដែលមិនបានទទួលការចាក់វ៉ាក់សាំង ហើយចេញទៅខាងក្រៅលំនៅឋាន ដោយមិនគោលបំណងចាំបាច់ ក៏ត្រូវតែប្រឈមនឹងការពិន័យ តាមច្បាប់កំណត់។

ដោយឡែក លោកស្រី Karlo Nograles អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ថា សម្រាប់ជនបរទេសដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ នឹងអនុញ្ញាតឲ្យចូលមកកាន់ប្រទេសអាស៊ានមួយនេះ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២តទៅ៕