រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសហាមឃាត់ជាដាច់ខាត ចំពោះនិស្សិត ឬសិស្សានុសិស្ស និងអ្នកមិនពាក់ព័ន្ធ ទៅទីតាំងបិតផ្សាយលទ្ធផលប្រឡងបាក់ឌុបជាដាច់ខាត។ ការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា ខណៈបេក្ខជនប្រឡងបាក់ឌុបពុំចាំបាច់ទៅមើលលទ្ធផលប្រឡងរបស់ខ្លួន នៅមណ្ឌលប្រឡង ឬអាចមើលតាមផេកហ្វេសប៊ុក របស់ក្រសួងក៏បាន ។ ការធ្វើបែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាលើកឡើងថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុង ប្រយ័ត្នខ្ពស់ ក្នុងខណៈនៃការរកឃើញករណីថ្មីៗ មួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្នុងន័យនេះ ក្រសួងសូមស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេល នៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចជា ផ្សព្វ ផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យបានដឹងថា លទ្ធផល នៃការប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់ នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វ ផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត ។ ដូច្នេះបេក្ខ ជនពុំចាំបាច់មកតាមដានលទ្ធផល នៅមណ្ឌលប្រឡងឡើយ។

ឯកឧត្តមក៏បានឱ្យរៀបចំទីតាំងបិតផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់ លេង ឬទីកន្លែងប្រមូលផ្ដុំនៃនិស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យ និស្សិត ឬ សិស្សានុសិស្ស ដែលមិនពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិតផ្សាយលទ្ធផលប្រឡងជាដាច់ខាត។ ឯកឧត្តមថា កន្លែងបិតលទ្ធផលត្រូវចងខ្សែសញ្ញា ឬដាក់រនាំងខ័ណ្ឌ ព័ទ្ធជុំវិញទីតាំងបិតផ្សាយលទ្ធផលប្រឡង តាមលទ្ធភាពដែលអាចធ្វើទៅបាន។ បិតផ្សាយសន្លឹកលទ្ធផលប្រឡងឱ្យនៅឃ្លាតឆ្ងាយពីគ្នា ដោយប្រើក្តារខៀន-ផ្ទាំងបិតប្រកាស ឬ បញ្ជរផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបញ្ចៀសការប្រមូលផ្ដុំកកកុញ នៃបេក្ខជនប្រឡង ។

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានឱ្យចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ (ដែលបានបំពាក់ជូនតាមមណ្ឌលប្រឡងនីមួយៗរួចហើយ) ឬ ការបាញ់អាល់កុល (តាមលទ្ធភាពជាក់ស្ដែង) ជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង។ ណែនាំឱ្យបេក្ខជន ដែលមកមើលលទ្ធផលប្រឡង ត្រូវពាក់ម៉ាសជាប្រចាំ និងដោយចាំបាច់បំផុត និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡង បន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែបង្អង់ រង់ចាំ ឬ ប្រមូលផ្ដុំជួបជុំគ្នាឡើយ។សម័យប្រឡងបាក់ឌុប ៣ ជំនាន់ ក្រឡាប់ចាក់កក្រើកប្រទេស ចារទុកជាប្រវត្តិសាស្ត្រ –  Popular Magazineគួរបញ្ជាក់ផងដែរថា ការប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នឹងត្រូវធ្វើនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ វេលាម៉ោង៣  និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២៕

ប្រភព: ក្រសួងអប់រំ