រដ្ឋធានីប៉ារីស៖ ក្រោយពេលព្រឹទ្ធសភាពបារាំង បានអនុម័តប័ណ្ណចាក់វ៉ាក់សាំងដ៏ចម្រូងចម្រាសនោះមក រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង នឹងអនុញ្ញាតឲ្យប្រើប្រាស់នូវវិធានការនានា ក្នុងគោលបំណងកាត់បន្ថយនូវការរីករាលដាលយ៉ាងឆាប់រហ័ស ពីជំងឺកូវីដ-១៩ ខណៈប្រទេសមហាអំណាចលោកខាងលិចមួយនេះ មានករណីឆ្លងថ្មីកើនដល់ជាង ៣៣០ ០០០នាក់ ក្នុងរយៈពេលមួយថ្ងៃ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋបារាំង នឹងតម្រូវឲ្យបង្ហាញពីស្ថានភាពចាក់វ៉ាក់សាំងរបស់ពួកគេ ដើម្បីចូលទៅកាន់ភោជនីយដ្ឋាន រង្គសាល កន្លែងវប្បធម៌ ឬ ទីកន្លែងដឹកជញ្ជូនសាធារណៈ បន្ទាប់ពីការអនុម័តវិធានការថ្មី ដើម្បីដោះស្រាយនូវការរាតត្បាត ពីជំងឺកូវីដ-១៩។

អង្គការសុខភាពពិភពលោក ហៅកាត់ « WHO » បានឲ្យដឹងថា ករណីកូវីដ-១៩ នៅលើពិភពលោក បានកើនឡើងដល់កំណត់ត្រាដ៏ខ្ពស់បំផុត កាលពី១សប្ដាហ៍កន្លងមកនេះ ដោយមានអ្នកឆ្លងកើនដល់១៥លាននាក់ ដោយគិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានបញ្ជាក់ កាលពីថ្ងៃពុធ ទី១២ ខែមករា ថា កំណត់ត្រា នៃករណីវីរុសកូវីដ-១៩បានកើនឡើង ដល់៥៥ភាគរយធៀបនឹងរយៈពេលប្រាំពីរថ្ងៃមុន។ ការឆ្លងកើនឡើង កាន់តែខ្លាំង ក៏ដោយសារតែវីរុសអូមីក្រុង។

គេហទំព័រ Worldometer បានចេញផ្សាយ នៅរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា បារាំង មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ១២,៩៣លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ១២៦ ៣០៥នាក់ និង មានអ្នកជាសះស្បើយ ជាង៨,៨៥លាននាក់៕