រដ្ឋធានីសេអ៊ូល៖ ស្របពេលមានការភ័យខ្លាច ពីការរាតត្បាត នៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ផងនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តទិញថ្នាំលេបរបស់ក្រុមហ៊ុនឱសថដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ហើយអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ព្យាបាល ចាប់ពីថ្ងៃសុក្រ ទី១៤ ខែមករា តទៅ។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ (Reuters) បានចេញផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា មន្រ្ដីសុខាភិបាលរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងត្បូង នឹងចាប់ផ្ដើមព្យាបាលអ្នកជំងឺកូវីដ ជាមួយនឹងថ្នាំលេប ប្រឆាំងនឹងវីរុសរបស់ក្រុមហ៊ុន Pfizer ចាប់ពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ ការសម្រេចបែបនេះ បានកើតឡើង ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ជុំវិញការរាតត្បាត ពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង (Omicron)។

ជាមួយគ្នានេះដែរ ទីភ្នាក់ងារគ្រប់គ្រង និង បង្ការជំងឺរបស់កូរ៉េខាងត្បូង ហៅកាត់ «KDCA» បានបញ្ជាក់ថា ថ្នាំលេប Paxlovid របស់ក្រុមហ៊ុន Pfizer ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក យ៉ាងតិច ចំនួន ២១ ០០០គ្រាប់ នឹងមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃនេះ (ទី១៣ ខែមករា) ។ ចំណែថ្នាំលេប Paxlovid នេះ នឹងចែកចាយទៅកាន់ឱសថស្ថាន និង មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ជិត៤០០កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូង។

ប្រភពព័ត៌មានដដែល បានបន្ថែមថា ថ្នាំលេប Paxlovid នឹងត្រូវយកទៅព្យាបាលអ្នកជំងឺកូវីដ-១៩ លើសពី ១ ០០០នាក់ ក្នុងរយៈពេល១ថ្ងៃ។ ប៉ុន្ដែឱសថទាំងនេះ នឹងត្រូវផ្ដល់អាទិភាព សម្រាប់តែអ្នកជំអឹមានមស្ថានភាពធ្ងន់ធ្ងរ, អ្នកជំងឺវ័យចំណាស់ មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ និងអ្នកជំងឺមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ដោយឡែក ថ្នាំលេប Paxlovid ប្រហែល១០ ០០០គ្រាប់ទៀត ក៏នឹងមកដល់ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះ។

ក្រុមហ៊ុន Pfizer ធ្លាប់បានបញ្ជាក់ កាលពីប៉ុន្មានខែមុននេះ ថា ថ្នាំគ្រាប់ Paxlovid របស់ខ្លួន មានសមត្ថភាព រហូតដល់ ៨៩ភាគរយ នៅក្នុងការទប់ស្កាត់ មិនឱ្យអ្នកជំងឺ ធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។ ប៉ុន្ដែឱសថប្រភេទនេះ នឹងនៅតែមានប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងថ្មី ប្រភេទ Omicron ។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ថា កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ-១៩ សរុប ៦៧៤ ៨៦៨នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦ ១៦៦នាក់ និង មានអ្នកជាសះស្បើយ ៥៧១ ៤១៩នាក់៕