រដ្ឋធានីណៃពិដោរ៖ កងកម្លាំងយោធារបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ឬភូមា បានចូលទៅឡោមព័ទ្ធ និងវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមទៅលើកងទ័ពព្រៃ កាលពីថ្ងៃពុធ ទី៥ ខែមករា​ ឆ្នាំ២០២២ នៅក្នុងតំបន់ណាមខាម (Namkham) នាភាគខាងជើងរដ្ឋសាន (Shan) ​​បណ្ដាលឲ្យកងទ័ពរដ្ឋាភិបាលសឹក ចំនួន៤នាក់បាត់បង់ជីវិត និង៦នាក់ផ្សេងទៀតរងរបួស។

បើតាមសារព័ត៌មានភូមា Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ថា យ៉ាងតិចណាស់ កងទ័ព​របបសឹកមីយ៉ាន់ម៉ា ចំនួន៤នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមជាមួយនឹងកងទ័ពរំដោះជាតិតាអាង ( Ta’ang National Liberation Army ) ហៅកាត់ TNLA ។ ការវាយប្រយុទ្ធគ្នា​នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែមករា នៅក្នុងទីក្រុងណាមខាម ខេត្តណាមខាម (Namkham) នាភាគខាងជើងរដ្ឋសាន (Shan) ។​

ក្រុមប្រដាប់អាវុធជនជាតិភាគតិច TNLA និង កងទ័ពរបបសឹកមីយ៉ាន់ ធ្លាប់​វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ចាប់តាំងពីឆ្នាំ២០១២មក។ ប៉ុន្ដែចាប់តាំងបីមានការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១មក កម្លាំងប្រដាប់អាវុធ ជាគូសត្រូវនឹងគ្នាទាំង២នេះ បន្ដមានការវាយប្រយុទ្ធគ្នាម្ដងម្កាលដែរ។ លុះ​ចូលមកដល់ដើមខែមករា ឆ្នាំ២០២២​ កងទ័ពជនជាតិភាគតិច ដែលមានមូលដ្ឋាន នៅក្នុងរដ្ឋសាន​ ក៏ចាប់ផ្ដើមប៉ះទង្គិចគ្នា​លើកដំបូងម្ដងទៀតជាមួយនឹងកងទ័ព នៃរបបសឹកមីយ៉ាន់ម៉ា។​​

បើតាមអ្នកស្រុក បានឲ្យដឹងថា ក្រោយការប៉ះទង្គិចគ្នា កាលពីរសៀល ថ្ងៃទី៥​ ខែមករា ឆ្នាំ២០២២ នោះ​ ពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា បានបាញ់កាំភ្លើងធំ ស្រោចទៅលើក្រុមយុទ្ធជន TNLA ដែលកំពុងតែបើកប្រតិបត្ដិការសឹក នៅជិតមន្ទីរពេទ្យខេត្តណាមខាម។

អ្នកស្រុក បានបញ្ជាក់ថា កងកម្លាំងរបស់ជនជាតិភាគតិច TNLA បានចូលទៅជិតមន្ទីរពេទ្យទីក្រុងណាមខាម ខេត្ដណាមខាម ទំនងជាស្វែងរកអ្វីមួយ​​ ឬក៏ស្វែងរកអ្នកណាផ្សេង តែពួកគាត់មិនដឹងច្បាស់ថា កងទ័ព TNLA ទៅរកអ្វីឲ្យប្រាកដនោះដែរ។​ ស្របគ្នានោះ កងទ័ពរដ្ឋាភិបាលសឹក បានបាញ់ផ្លោងកាំភ្លើងធំ ចំនួន៦ទៅ៧គ្រាប់ លាន់ឮយ៉ាងទ្រហឹង បណ្ដាលឲ្យជនស៊ីវិល៥ទៅ៦នាក់ នៅជិតមន្ទីរពេទ្យនោះ រងរបួស។​

អ្នកស្រុកខ្លះទៀត បានគិតថា កងទ័ព TNLA បានចូលមកកាន់ទីក្រុងណាមខាម អាចមានការជាប់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើផ្សារមីយ៉ូម៉ា (Myoma) ស្ថិតក្នុងទីក្រុងនេះ កាលពីថ្ងៃអង្គារ ទី៤ ខែមករា ដោយបានបណ្ដាលឲ្យសមាជិករបស់ពួកគេ ចំនួន២នាក់បាត់បង់ជីវិត។​

បើតាមគេហទំព័រសារព័ត៌មានសហគមន៍តាអាង( Ta’ang)  Shwe Pee Myay News Agency បានចុះផ្សាយថា ជនស៊ីវិល ចំនួន៦នាក់ រស់នៅក្នុងភូមិហុងណា (Hona) រួមទាំង កុមារម្នាក់អាយុ២ឆ្នាំ កុមារម្នាក់អាយុ៥ឆ្នាំ និងស្រ្ដី២នាក់ មានអាយុ៦០ឆ្នាំដូចគ្នា បានរងរបួស ដោយសារត្រូវគ្រាប់កាំភ្លើងផ្លោងរបស់កងទ័ពរបបយោធាមីយ៉ាន់ម៉ា៕​​