ខេត្តកណ្តាល៖  កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា រួមសហការជាមួយកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកកណ្ដាលស្ទឹង បានធ្វើការបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមមានគ្នា ចំនួន០៤នាក់  ដែលតែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ។

ជនសង្ស័យ១-ឈ្មោះ រុន សារ៉ែន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចំបក់ត្រប់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ទី២-ឈ្មោះ រុន ម៉ាណែត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចំបក់ត្រប់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ទី៣-ឈ្មោះ ហឿន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  និងទី៤-ឈ្មោះ សុង វណ្ណឃីម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ខាងលើតែងតែធ្វើសកម្មភាពជិះ និងបង្ហោះម៉ូតូចំនួន ០២គ្រឿង ដេញគប់រថយន្តបែនដឹកដី ១គ្រឿង របស់ជនរងគ្រោះឈ្មោះ សាន់ សីម៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យបែកកញ្ចក់ទ្វាររថយន្តផ្នែកខាងឆ្វេង ១ផ្ទាំង ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយមធ្យោបាយម៉ូតូ ហុងដា សេ១២៥ ចំនួន០២គ្រឿង សមត្ថកិច្ចកសាងសំណុំរឿងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕