រដ្ឋធានីវ៉ាស៊ីនតោន៖ ស្រ្ដីមេបញ្ជាការជាលើកដំបូង បានដឹកនាំនាវាផ្ទុកយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់សហរដ្ឋអាមេរិក ចេញប្រតិបត្ដិការ ដាក់ពង្រាយ ដើម្បីរក្សាសន្ដិសុខ។

បើតាមសារព័ត៌មាន Insider បានចេញផ្សាយ កាលពីព្រឹកព្រលឹម ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ថា ​នាវាផ្ទុកយន្ដហោះដើរ ដោយថាមពលនុយក្លេអ៊ែរ USS Abraham Licoln កាលពីថ្ងៃចន្ទ ទី៣ ខែមករា បានបង្កើតប្រវត្ដិសាស្រ្ដថ្មីមួយ ខណៈនាវាផ្ទុះនេះ បានធ្វើនាវាចរណ៍ ចេញពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះក្លាយជានាវាផ្ទុកយន្ដហោះលើកដំបូងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវដាក់ពង្រាយ ស្ថិតនៅក្រោមមេបញ្ជាការស្រី។​

លោកស្រី Amy Bauernschmidt កាពីតែននាវា USS Abraham Licoln បានចូលមកធ្វើជាមេបញ្ជាការនាវាផ្ទុកយន្ដហោះ USS Abraham Licoln នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២១។ លោកស្រី ក្លាយជាស្រ្ដីដំបូង បានដឹកនាំនាវាផ្ទុកយន្ដហោះនេះ។​

មុនពេលចូលខ្លួនមក​បញ្ជានាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Licoln កាលពីឆ្នាំមុននោះ លោកស្រី Bauernschmidt ធ្លាប់បម្រើការងារ ជាមេបញ្ជាការ នៃកំពង់ផែដឹកជញ្ជូន Amphibious USS San Diego ។ ពីមុនលោកស្រី ក៏ជាមន្ត្រីប្រតិបត្តិរបស់នាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Licoln នេះដែរ ហើយលោកស្រី ក៏ជាស្ត្រីទីមួយ ក្លាយជាមេបញ្ជាការនាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរនេះ។

លោកស្រី Bauernschmidt ធ្លាប់ជាអ្នកបើកឧទ្ធម្ភាគចក្រ ដែលមានបទពិសោធន៍ ហោះហើរជាង ៣ 000​ម៉ោង នៅក្នុងកងយន្តហោះរបស់កងទ័ពជើងទឹក ដោយបានបញ្ជាឧទ្ធម្ភាគចក្រ​ ( Helicopter Maritime Strike Squadron 70) ដែលគាំទ្រដល់ប្រតិបត្តិការ សម្រាប់នាវាផ្ទុកយន្តហោះ USS George H.W. Bush ។

នាវាផ្ទុកយន្ដហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Abraham Licoln  បានចាកចេញពីទីក្រុង  San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ សម្រាប់ការដាក់ពង្រាយជាធម្មតា ដែលជាផ្នែកមួយ នៃក្រុមនាវាផ្ទុកយន្ដហោះ Carrier Strike Group 3 ។ នាវា USS Abraham Licoln  នេះ ក៏មានផ្ទុកទាំងមីស៊ីលនាំផ្លូវ និង មីស៊ីលជាច្រើនប្រភេទ រួមនឹងយន្ដហោះចម្បាំងទំនើបៗជាច្រើនគ្រឿងផ្សេងទៀត មានដូចជា យន្ដហោះចម្បាំងបំបាំងកាយ F-35…ជាដើម៕​