រាជធានីបាងកក៖  ស្របពេលវីរុសបំប្លែងខ្លួថ្មីអូមីក្រុង កំពុងតែកើនឡើងយ៉ាងខ្លាំងនោះ ក្រសួងសាធារណសុខាភិបាលថៃ បានស្នើសុំឲ្យ CCSA  ពន្យារពេល​ដំណើរការគម្រោង Test & Go  រហូតដល់ចុងខែមករា  ដើម្បីវាយតម្លៃ ពីស្ថានការណ៍កូវីដ-១៩ជាថ្មី។

​សារព័ត៌មានថៃ The Nation ​បានចេញផ្សាយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា ក្រសួងសាធារណសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី៣ ខែមករា បានស្នើដល់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ​-១៩ (ហៅកាត់ CCSA) បញ្ឈប់ការបើកឡើងវិញនូវគម្រោង Test & Go របស់ប្រទេសថៃ ហើយវាយតម្លៃ អំពីស្ថានភាពកូវីដ-១៩ រហូតដល់ចុងខែមករា នេះ។​

រដ្ឋាភិបាលរបស់លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានដាក់ចេញនូវគម្រោង Test & Go ដើម្បីលើកកម្ពស់​​ដល់វិស័យទេសចរណ៍ នៅក្នុងប្រទេសអាស៊ានមួយនេះ ដោយរំពឹងថា អាចនឹងរកបានប្រាក់ចំណូលបាន រហូតដល់ជាង៣០ពាន់លានដុល្លារ។

​Test & Go ​អនុញ្ញាតដល់អ្នកទេសចរបរទេសណា ដែលបានចាក់វ៉ាក់សាំង ចំនួន២ដូសរួចរាល់ហើយ អាចចូលមកកាន់ប្រទេសថៃ បាន ដោយមិនចាំបាច់ធ្វើចត្ដាឡីស័ក។ ប៉ុន្ដែគម្រោងនេះ ​ត្រូវបានផ្អាកទៅវិញ កាលពី​ថ្ងៃទី២១ ​ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាល ពីវីរុស Omicron ​។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ​-១៩ (ហៅកាត់ CCSA)​ គ្រោងនឹងវាយតម្លៃឡើងវិញ ចំពោះការផ្អាកលើគម្រោងនេះ នៅថ្ងៃទី៤ ​ខែមករា។

លោក​ Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសាធារណសុខាភិបាល បានបញ្ជាក់ថា ជនបរទេសទាំងឡាយណា ដែលបានចុះឈ្មោះ នៅក្នុងគម្រោង  Test & Go ត្រូវតែចូលមកកាន់ប្រទេសថៃ មុនថ្ងៃទី១០ ខែមករា។​ ប៉ុន្ដែចាប់ពីក្រោយថ្ងៃទី១០ ខែមករា ទៅ ពួកគេអាចចុះឈ្មោះ ក្រោមគម្រោង​ Phuket Sandbox  ឬ​ ប្រើប្រាស់សេវាកម្ម AQ វិញ៕