រាជធានីបាងកក៖ នៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី (ឆ្នាំសកល) នេះ  ចំនួនអ្នកឆ្លងវីរុសអូមីក្រុង (Omicron) បានកើនឡើងដល់ ជាង១ ០០០នាក់។

​សារព័ត៌មានថៃ The Nation  បានចេញផ្សាយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា នាយកដ្ឋានវិទ្យាសាស្រ្ដ​វេជ្ជសាស្ត្រ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ទី២ ខែមករា ថា​ ចំនួនករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron នៅក្នុងប្រទេសថៃ បានកើនឡើង ជាង១ 000ករណី។​​

លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយក នៃនាយកដ្ឋានវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ចំនួនករណីអូមីក្រុង នៅក្នុងប្រទេសថៃ បានកើតឡើងយ៉ាងខ្លាំង ហើយអ្នកឆ្លងទាំងនោះ ​ភាគច្រើនជាជនបរទេស។​  សូម្បីត្រឹមតែថ្ងៃសៅរ៍ ទី១ ខែមករា រកឃើញវិជ្ជមាន នៃអូមីក្រុង ចំនួន១៨៩ករណី។ ហើយក្នុងនោះមានជនបរទេស ចំនួន៦៨ករណី និងអ្នកឆ្លងក្នុងប្រទេស ១២១នាក់។ ករណីអូមីក្រុងនេះ បានរកឃើញ នៅតាមខេត្ត ចំនួន៤៧ នៅទូទាំងប្រទេស។​

លោកវេជ្ជបណ្ឌិត Supakit Sirilak បានបន្ថែមថា ខេត្តដែលមានករណីឆ្លងអូមីក្រុង ខ្ពស់ជាងគេ រួមមាន ទីក្រុង Bangkok (395ករណី), Kalasin (195ករណី), Chonburi (148ករណី), Phuket (125ករណី) and Roi Et (119ករណី)។​​

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយ នៅរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា ថៃរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២ ៩២៧នាក់ និង មានករណីស្លាប់ថ្មី១៨នាក់។ ថៃមានអ្នកឆ្លងសរុប ២ ២៣២ ៤៨៥នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២១ ៧៣៨នាក់ និង មានអ្នកជាសះស្បើយ ២ ១៧៧ ៦៣៣នាក់៕