រាជធានីបាងកក៖ ​រហូតមកដល់ពេលនេះ មានការរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) ជាចង្កោម ចំនួន៤លើក ធ្វើឲ្យប្រទេសថៃ មានអ្នកឆ្លងវីរុសប្រភេទនេះ កើនឡើងដល់៦០នាក់ ខណៈ២០នាក់ផ្សេងទៀត កំពុងតែរង់ចាំលទ្ធផល ពីមន្ទីរពិសោធន៍។

បើតាមសារព័ត៌មានថៃ The Nation  បានចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ ហៅកាត់ «CCSA» បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ថា រហូតមកដល់ពេលនេះ ថៃបានរកឃើញការឆ្លងវីរុស Omicron ជាចង្កោម ចំនួន៤លើក។

លោកស្រីវេជ្ជបណ្ឌិត Sumanee Watcharasin អ្នកនាំពាក្យរង នៃ CCSA បានបញ្ជាក់ កាលពីថ្ងៃទី២០ ខែធ្នូ ថា ការឆ្លងជាចង្កោមលើកទី១ ត្រូវបានរាយការណ៍ ដោយការិយាល័យសាធារណសុខាភិបាលស្រុក​ Nonthaburi ​ខេត្ត Nonthaburi ។ ករណីនេះមានការជាប់ពាក់ព័ន្ធនឹងខេត្ត ​Pathum Thani, Ayutthaya, Nakhon Ratchasima និង ទីក្រុងបាងកក។​

លោកស្រីវេជ្ជបណ្ឌិត Sumanee Watcharasin អ្នកនាំពាក្យរង និង ក៏ជាប្រធានការិយាល័យទំនាក់ទំនងហានិភ័យ និងអភិវឌ្ឍន៍ឥរិយាបថសុខភាព នៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានបន្ថែមថា «​ក្រុមនេះមានគ្នា៣១នាក់ បាន​ទៅដើរលេង នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមពិធីសាសនា កាលពីដើមខែធ្នូ ឆ្នាំ២០២១។ ពួកគេ​បាន​វិលត្រឡប់ មកកាន់​ប្រទេស​ថៃ​វិញ កាលពី​​​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ហើយ​ពួកគេ១៤​នាក់​ ក្នុង​ចំណោមអ្នកទាំងនោះ ​បាន​ធ្វើតេស្ដ​ រកឃើញ​​វិជ្ជមាន។ ប៉ុន្ដែពីរថ្ងៃក្រោយមក មនុស្ស៤នាក់ទៀត ​បានរកឃើញ ថា ឆ្លងវីរុសដែរ។​

លោកស្រីវេជ្ជបណ្ឌិត បានបន្ដថា ៦នាក់ ក្នុងចំណោមពួកគេទាំងនោះ បានរកឃើញឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ខណៈ៨នាក់ផ្សេងទៀត ឆ្លងវីរុស Delta ។​

ដោយឡែក​ ចង្កោមលើកទី២ ឆ្លងលើបុរសជនជាតិកូឡុំប៊ី និង ប្រពន្ធជាជនជាតិថៃ។ ពួកគេទាំង២នាក់ បានជិះយន្ដហោះ មកពីប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ហើយបានមកចុះ នៅក្នុងប្រទេសថៃ ដោយតេស្ដរកឃើញ នៅថ្ងៃទី១០ ខែធ្នូ។​

​ចង្កោមទី៣ ត្រូវបានរាយការណ៍ នៅក្នុខេត្ត Narathiwat ខណៈមនុស្ស៣នាក់ ក្នុងចំណោមអ្នកវិលត្រឡប់ មកពីមជ្ឈិមបូព៌ា រកឃើញវិជ្ជមានពីកូវីដ-១៩។ ពួកគេទាំង៣នាក់នោះ មានម្នាក់ ឆ្លងអូមីក្រុង និង២នាក់ឆ្លង Delta ។​ រីឯមនុស្ស៤នាក់ប៉ះពាល់ផ្ទាល់ និង១២៦នាក់ ប៉ះពាល់ប្រយោល។​

ចង្កោមទី៤ ជាជនជាតិថៃ និងជនជាតិបរទេស ៧នាក់ បានចូលមកកាន់ប្រទេសថៃ ចន្លោះពីថ្ងៃទី១៣ និង១៦ ខែធ្នូ តាមខេត្ត Samui និង Phuket  ហើយតេស្ដរកឃើញវិជ្ជមាន ពេលមកដល់។ ពួកគេទាំង៧នាក់ រកឃើញឆ្លង Omicron ។

នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្ត បានប្រកាស កាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ថា ថៃបានរកឃើញ Omicron កើនដល់៦៣​ករណី ហើយ២០នាក់ផ្សេងទៀត​ កំពុងរង់ចាំការបញ្ជាក់លទ្ធផល ពីមន្ទីរពិសោធន៍៕Thailand may reimpose traveler quarantine because Omicron | Coconuts