រដ្ឋធានីប៉េកាំង៖ ​ តារាស្រី Huang Wei វ័យ៣៦ឆ្នាំ ដែលគេស្គាល់ថា នាង Viya ជាតារាអ៊ិនធើរណេតដ៏ល្បីល្បាញមួយរូប ត្រូវបានអាជ្ញាធរទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ពិន័យជាទឹកប្រាក់ ១,៣៤ពាន់លានយ័ន (លុយចិន) ឬស្មើនឹង ២១០​លានដុល្លារសហរដ្ឋអាមេរិក។​

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ថា កំពូល​តារាអ៊ិនធើរណេត ជាជនជាតិចិនដ៏ល្បីល្បាញមួយរូប (Live-Streamer) ត្រូវបានផាកពិន័យ ចំនួន២១០លានដុល្លារសហរដ្ឋអាមេរិក ពីការលាក់បាំងប្រាក់ចំណូលរបស់នាង។ ​អ្នកស្រី Huang Wei ដែលគេស្គាល់ថា​ Viya ជាតារាអ៊ិនធើរណេតដ៏ល្បីល្បាញមួយរូប មានអ្នក Follow រហូតដល់១០លាននាក់ ហើយអ្នកស្រីប្រើប្រាស់ផ្លេតហ្វមរបស់នាង (Platform) ដើម្បីលក់ផលិតផលផ្សេងៗ នៅតាមអនឡាញ។​

អាជ្ញាធរទីក្រុង Hangzhou បានចោទប្រកាន់អ្នកស្រី Huang Wei ពីការលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន ក៏ដូចជា បទល្មើសហិរញ្ញវត្ថុផ្សេងៗទៀត ដែលបានប្រពឹត្ដ នៅចន្លោះពីឆ្នាំ២​០១៩ និង២០២០។​

បើតាមគណនីបណ្ដាញសង្គម Weibo របស់អ្នកស្រី Huang Wei បានសរសេរថា «ខ្ញុំសូមទទួលស្គាល់ទាំងស្រុងនូវការដាក់ពិន័យ ដែលបានធ្វើឡើង ដោយអាជ្ញាធរពន្ធដារ»។​

អ្នកស្រី Huang Wei វ័យ៣៦ឆ្នាំ ក្លាយជាតារាអ៊ិនធើរណេតដ៏ល្បីល្បាញបំផុតមួយរួប នៅក្នុងប្រទេសចិន ហើយអ្នកស្រីត្រូវបានគេស្គាល់ថា ជារាជិនី Livestreaming ។ តាមរយៈភាពល្បីល្បាញនេះ ធ្វើឲ្យអ្នកស្រីអាចធ្វើពាណិជ្ជកម្មបានគ្រប់បែបយ៉ាង នៅលើអនឡាញ (Taobao Platform) រហូតធ្វើឲ្យអ្នកស្រី រកប្រាក់ចំណូលបានយ៉ាងច្រើនបំផុតផងដែរ៕​