រាជធានីភ្នំពេញ ៖ ក្នុងលោកនេះ ពុំមាននរណាម្នាក់ដែលអាចគេចចេញពីការសាងកំហុសនោះឡើយ ហើយប្រសិនបើអ្នកមិនដែលធ្វើខុសនោះមានន័យថាអ្នកមិនមែនជាមនុស្សនោះទេ ព្រោះបើសូម្បីតែព្រះអាទិត្យដែលបញ្ចេញពន្លឺ និងកម្ដៅតាមដំណើរធម្មជាតិក៏គង់តែមានការខឹងសម្បារពីអ្នកឯទៀតផងដែរ។ អ្នកនឹងមិនមែនជាមនុស្សទេប្រសិនបើអ្នកមិនដែលជួបរឿងបរាជ័យក្នុងជីវិតនោះ ហើយអ្នកក៏មិនមែនជាមនុស្សនោះទេប្រសិនបើអ្នកមិនដែលធ្វើការសម្រេចចិត្តខុស។

អ្នកពុំមែនជាព្រះជាម្ចាស់នោះឡើយ អ្នកគ្រាន់តែជាមនុស្សសាមញ្ញធម្មតាម្នាក់តែប៉ុណ្ណោះ ហេតុនេះសូមកុំភ័យខ្លាចប្រសិនបើអ្នកបរាជ័យ ឬជួបការសម្រេចចិត្តខុសក្នុងការធ្វើអ្វីមួយ។ រឿងសំខាន់តែមួយគត់ដែលអ្នកត្រូវរៀនសូត្រពីបញ្ហាទាំំងនោះគឺអ្នកអាចទទួលបានរបៀបនៃការដោះស្រាយ និងរបៀបនៃការផ្លាស់ប្ដូរផងដែរ។

ទោះបីជាយ៉ាងក៏ដោយ ថ្វីបើការសាងកំហុសវាអាចធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ជីវិត ក៏អ្នកពុំគួរធ្វើឲ្យវាមានកំហុសដដែលៗនោះឡើយ អ្នកត្រូវព្យាយាមកែបែរាល់ទម្លាប់មិនល្អ ផ្លាស់ប្ដូរការគិត និងធ្វើសកម្មភាពដែលត្រូវចាប់ផ្តើមពីថ្ងៃនេះតទៅ។ គ្រាន់តែអ្នកចងចាំថា អ្នកនឹងមិនមែនជាមនុស្សទេ ប្រសិនបើអ្នកមិនជួបប្រទះនឹងការបរាជ័យ ដូច្នេះចូរទៅបង្កើតកំហុស ហើយកែលម្អរាល់ពេលដែលអ្នកក្រោកឈរឡើង៕