រាជធានីភ្នំពេញ ៖​ ពេលខ្លះអ្នកអាចគិតថាជីវិតរបស់អ្នកហាក់ដូចជាគ្មានប្រយោជន៍អ្វីទាំងអស់ដែលត្រូវបន្តរស់នៅក្នុងពីភពលោកដ៏តូចចង្អៀតនេះ ហើយវាជាមូលហេតុដែលធ្វើឲ្យអ្នកគិតថាវាអាចជាទីបញ្ចប់នៃជីវិតរបស់ខ្លួនផងក៏មិនដឹង។ ប៉ុន្តែសូមកុំគិតបែបនេះ តាមពិតវាពុំមែនដូចអ្វីដែលអ្នកគិតនោះទេ។ ក្នុងពិភពលោកគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ហើយនេះវាគ្រាន់តែជាដំណាក់កាលនៃជីវិតតែប៉ុណ្ណោះ ហេតុនេះអ្នកគួរតែរៀនឆ្លៀត​ឱកាសដើម្បីស្វែងយល់ពីចំណុចខ្សោយ និងភាពខ្លាំងរបស់អ្នក ហើយចាប់ផ្តើមកែលម្អសមត្ថភាពរបស់ខ្លួនដើម្បីឲ្យខ្លួនឈានចេញពីគំនិតអវិជ្ជមាន។

អ្នកមិនចាំបាច់ប្រឹងធ្វើខ្លួនឲ្យល្អឥតខ្ចោះ ឲ្យក្លាយជាជនដែលលេចធ្លោដល់កម្រិតកំពូលណាមួយនោះទេ អ្វីដែលអ្នកចាំបាច់ត្រូវធ្វើនោះគឺត្រូវតែបន្តការជឿជាក់លើខ្លួនឯង និងមានភាពក្លាហានក្នុងការរស់នៅ។ កុំរស់នៅក្នុងភាពអវិជ្ជមាន ហើយងាកមកចាប់ផ្តើមធ្វើអ្វីមួយដែលអាចជួយឲ្យអ្នកមានលក្ខណៈល្អប្រសើរឡើង។

ឱកាសជាច្រើនកំពុងតែរង់ចាំអ្នកក្នុងការចាប់យកវា ហេតុនេះអ្នកអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនបានឬក៏អត់ គឺវាអាស្រ័យលើអ្នកសម្រេចចិត្តក្រោកឈរហើយដើរទៅរកវា ឬត្រូវតែបន្តឲ្យការគិតមិនល្អរបស់អ្នករុញច្រានជីវិតខ្លួនឲ្យកាន់តែយ៉ាប់យ៉ឺន? សូមចងចាំថា គ្មាននរណាម្នាក់ល្អគ្រប់គ្រាន់នោះទេ ប៉ុន្តែអ្នកអាចធ្វើវាឲ្យល្អជាងមុន ព្រោះថាជីវិតគឺជាជម្រើសរបស់អ្នក៕