គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជូនដំណឹងជាសាធារណៈ ស្តីពីការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅតំបន់អង្គរខេត្តសៀបរាប ដែលគ្រោងនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់ចំនួនអ្នកចួលរួមត្រឹម ២៥០០នាក់ ព្រមទាំងកំណត់ជាគោលការណ៍នូវលក្ខខណ្ឌវិធានសុវត្ថិភាពផងដែរ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ទៀតថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលកំពុងបើកសេដ្ឋកិច្ចសង្គមជាបណ្តើរជាមួយនឹងការប្រកាសជាផ្លូវការទទួលទេសចរន៍វ៉ាក់សាំង ទើប NOCC កំពុងត្រៀមបើកទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ អង្គរ-សៀមរាប ឡើងវិញ នាខែធ្នូ ឆ្នាំ២០២១។

អ្នកចូលរួមរត់ប្រណាំងត្រូវបានកំណត់យកតែប្រជាពលរដ្ឋកម្ពុជា និងជនបរទេស ដែលស្នាក់នៅកម្ពុជាប្រមាណ ២៥០០នាក់ប៉ុណ្ណោះ។ អត្តពលិករត់ប្រណាំងត្រូវតែទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់ និងមានរៀបចំធ្វើតេស្តរហ័ស មុនចូលទីលានរត់ប្រណាំង។
ជាពិសេសត្រូវរក្សាគម្លាត ១,៥ម៉ែត្រ ពីគ្នា ដោយតម្រៀបជាជួរវែង តែរត់តាមក្រុមចម្ងាយផ្លូវ ដែលបានកំណត់។ មុនចេញដំណើរអត្តពលិកត្រូវពាក់ម៉ាសរហូតដល់រយៈចម្ងាយ ២០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាសចេញ។ ការថែទាំងសុខភាព និងប្រព័ន្ធរក្សាសុវត្ថិភាព ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងតឹងរឹងបំផុតផងដែរ៕

ប្រភព: CAMBODIA SEA GAMES 2023