បន្ទាប់ពីបានយកឈ្នះក្រុមហុងកុង ដោយលទ្ធផល ៤ទល់២ ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំនឹងត្រូវបន្តប៉ះជាមួយម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង ១១ព្រឹកស្អែក (ម៉ោងនៅ កម្ពុជា) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village នៃព្រឹត្តិការណ៍ពានរង្វាន់ជើង ឯកទ្វីប អាស៊ី AFC U23 ASIAN CUP 2022។

លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា “លទ្ធផលដែលក្រុមកម្ពុជាទទួលបានជាមួយក្រុមហុងកុង ក៏ព្រោះតែយើងព្យាយាមរក្សាបាល់ ដូច តាមអ្វីដែលយើងបានអនុវត្តន៍ក្នុងការហ្វឹកហាត់។ ការរបូត២គ្រាប់ នៅវគ្គទី២ បណ្តាលមកពីការផ្លាស់ប្តូរកីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាថ្មីៗខ្លះ ដែលការផ្លាស់ប្តូរនេះអាចឱ្យយើង ដឹងថា យើងត្រូវកែសម្រួលបែបណា សម្រាប់ជំនួបជាមួយក្រុមជប៉ុន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ។”

ព្រឹត្តិការណ៍នេះ មានការលំបាកខ្លាំងសម្រាប់ក្រុមកម្ពុជា ក្នុងការឆ្លងផុតពូល K នេះ ដោយសារត្រូវប៉ះក្រុមជប៉ុន ដែលជាក្រុមខ្លាំងប្រចាំទ្វីបអាស៊ី ម្យ៉ាងទៀត វគ្គជម្រុះក្នុងពូលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានកំណត់យកតែ១ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ និង៤ក្រុមទៀត ជាក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុត ដែល នឹងត្រូវជ្រើសរើសចេញពីពូលទាំង១១នេះ៕

រូបភាព: សហព័ន្ធបាល់ទាត់កម្ពុជា