លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញពីការស្នាក់នៅ-ហូបចុក ក៏ដូចជាការហ្វឹកហាត់មានភាពល្អប្រសើរ ដើម្បីត្រៀមការប្រកួតជម្រុះ AFC U23 Asian នៅប្រទេសជប៉ុន ២ប្រកួតនៃវគ្គជម្រុះ ក្នុងពូល K។

អ្នកចាត់ការក្រុមរូបនេះបានបញ្ជាក់ថា កីឡាករទាំងអស់បានហ្វឹកហាត់ត្រៀមបានល្អច្រើន ក៏ដូចជាការអនុវត្តិវិធានការកូវីដ-១៩ ព្រមទាំងការស៊ាំនឹងម្អូបអាហារនៅប្រទេសជប៉ុនផងដែរ។ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២៣ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយក្រុមហុងកុង នាវេលាម៉ោង ១១ព្រឹក ម៉ោងនៅកម្ពុជា នាថ្ងៃទី២៣ ខែតុលា ស្អែកនេះ ហើយបន្ត១ប្រកួតចុងក្រោយជាមួយម្ចាស់ផ្ទះ ជប៉ុន នាវេលាម៉ោង១១ព្រឹក ដូចគ្នា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន J-Village, Fukushima ដោយក្រុមទាំង៣នេះស្ថិតនៅក្នុងពូល K។

សូមបញ្ជាក់ថា វគ្គជម្រុះនេះ មានក្រុមចូលរួមសរុបចំនួន៤១ក្រុម នៃទ្វីបអាស៊ី ដោយបែងចែកជា១១ពូល ហើយក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង១១ (ស្នើនឹង១១ក្រុម) និងក្រុមចំណាត់ថ្នាក់លេខ២ ល្អបំផុតចំនួន៤ក្រុមផ្សេងទៀត (សរុប១៦ក្រុម) នឹងត្រូវបានឡើងទៅប្រកួតជម្រុះជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២២ នៅប្រទេសអ៊ូសបេគីស្ថាន៕

ប្រភព: ក្រសួងព័ត៌មាន