រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការផ្ទុះជម្លោះការទូតយ៉ាងខ្លាំង រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ប៉ារីស ជុំវិញកិច្ចព្រមព្រៀងសន្ដិសុខថ្មី ហៅកាត់ «Aukus» ដែលធ្វើឲ្យប៉ះពាល់ដល់កុងត្រាសាងសង់នាវាមុជទឹក មានតម្លៃ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយបារាំងនោះ​ ប៉ុន្ដែ​រហូតមកដល់ពេលនេះ ជម្លោះការទូត រវាងមហាអំណាចជាសម្ពន្ធមិត្តនឹងគ្នានោះ បានរលត់ទៅវិញហើយ ក្រោយពេលប្រធានាធិបតី ចូ បៃដិន បានចរចាតាមទូរស័ព្ទជាមួយនឹងលោក ម៉ាក្រុង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ (វេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។​

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ថា បារាំង និងសហរដ្ឋអាមេរិក កំពុងតែខិតខំប្រឹងប្រែងបញ្ចប់ជម្លោះ ក្រោយពេលមានកិច្ចព្រមព្រៀងសន្ដិសុខថ្មី (Aukus) ដែលត្រូវបានបង្កើឡើង ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្រ្ដាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១​។​ ​កិច្ចព្រមព្រៀង Aukus នេះ បានធ្វើឲ្យប៉ះពាល់ដល់​កិច្ចព្រមព្រៀង រវាងអូស្រ្ដាលី និងបារាំង ក្នុងការសាងសង់នាវាមុជទឹក​ មានតម្លៃ៣៧ពាន់លានដុល្លារ សម្រាប់​កងទ័ពជើងទឹកអូស្ត្រាលី។

លោកស្រី ចេន ផ្សាគី (Jen Psaki) អ្នកនាំពាក្យ សេតវិមាន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កិច្ចសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំសហរដ្ឋអាមេរិក និងបារាំង​ បានប្រព្រឹត្តទៅ អស់រយៈពេល៣០នាទី ដើម្បីដោះស្រាយ ជុំវិញបញ្ហារកាំរកូស កាលពីមួយសប្តាហ៍កន្លងមកនេះ។ រីឯ​បញ្ហាមួយចំនួន ត្រូវបានដោះស្រាយរួចរាល់ហើយ។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អែមម៉ាញែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានព្រមព្រៀងគ្នា ក្នុងការពិគ្រោះយោបល់ស៊ីជម្រៅ ដើម្បីកសាងទំនុករវាងគ្នាឡើងវិញ។ មេដឹកនាំទាំងពីរ ​បានយល់ព្រមជួបគ្នា​ ដោយផ្ទាល់ ក្នុងកិច្ចប្រជុំមួយ នៅសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែតុលា ឆ្នាំ២០២១​។

ក្រោយពេលសម្របសម្រួលត្រូវរ៉ូវគ្នាឡើងវិញ លោក​ ហ្វីលីព អេត្យែន (Philippe Etienne) ឯកអគ្គរដ្ឋទូតបារាំង ដែលត្រូវ​លោក ម៉ាក្រុង កោះហៅឲ្យត្រឡប់មកប្រទេសកំណើតវិញ កាលពីសប្តាហ៍មុននោះ ក៏​នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់​ទីក្រុងវ៉ាស៊ីនតោនវិញផងដែរ​។ ដោយឡែក​ បញ្ហាជម្លោះការទូតជាមួយអូស្ត្រាលី ក៏នៅតែមិនទាន់ បានបញ្ជាក់នៅឡើយ​។

​លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានថ្លែងទៅកាន់មេដឹកនាំបារាំង មុនជំនួបជាមួយលោក ចូ បៃដិន  សូមឲ្យ «អត់ធ្មត់បន្តិច» និងទុកឱកាសដល់សម្ពន្ធមិត្ត ដូចជា អង់គ្លេស អាមេរិក និងអូស្ត្រាលី បានធូរស្រាលអារម្មណ៍ ពីបញ្ហាប្រឈម​មុខនឹងជម្លោះដ៏តានតឹង ទៅលើកិច្ចសន្យាផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដែល​នាំឲ្យបារាំង ខាតបង់រាប់សិបពាន់លានដុល្លារនោះសិន។​

សូមជម្រាបថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីថ្មី ហៅកាត់ AUKUS នេះ ត្រូវបានបង្កើនឡើង ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ដើម្បីទប់ទល់នឹងឥទ្ធិពលចិន ដែលកំពុងតែកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង។ បើតាមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បាន​សន្យាផ្តល់បច្ចេកវិទ្យាដល់អូស្ត្រាលី ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទើបរដ្ឋាភិបាលកង់បេរ៉ាលុបចោលកុងត្រា សាងសង់នាវាមុជទឹក មានតម្លៃ៣៧លានដុល្លារ ជាមួយបារាំង រហូតធ្វើឲ្យ​​បារាំង ខឹងសម្បាយ៉ាងខ្លាំងបែបនេះ៕