រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល​ក្មួយស្រីបង្កើត និង​ សារព័ត៌មាន New York Times បានទម្លាយការសម្ងាត់ ពីទ្រព្យសម្បត្ដិគ្រួសាររបស់លោក ដូណាល់ ត្រាំ រហូតនាំឲ្យឈានដល់ការបង់​ពន្ធអស់១០០លានដុល្លារនោះមក ធ្វើឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានខឹងសម្បាយ៉ាងខ្លាំង ហើយប្ដឹង​ចោទប្រកាន់ដល់ពួកគេ ពីបទ «គ្រោងការណ៍អាក្រក់» ដើម្បីទទួលបានកំណត់ត្រាពន្ធនេះ។​

សារព័ត៌មាន Al Jazeera  បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា  លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្មួយស្រីរបស់គាត់ ឈ្មោះ ម៉ារី ត្រាំ (Mary Trump) និង កាសែតញូវយ៉កថាមស៍ (The New York Times) ពាក់ព័ន្ធនឹងរឿងរាយការណ៍លើពន្ធ​១០០លានដុល្លារសហរដ្ឋអាមេរិក។ រឿងក្ដីនោះ លោក ត្រាំ បាន​ចោទប្រកាន់ក្មួយស្រ្ដីរបស់គាត់ និង កាសែតញូវយ៉កថាមស៍ ពីការ​​ចូលរួម ក្នុង «ផែនការមិនពិត» សម្រាប់ជំរុញឲ្យគាត់បង់ពន្ធ នៅក្នុងករណី​ស៊ើបអង្កេតមួយ លើហិរញ្ញវត្ថុរបស់គាត់ ដើម្បីទទួលបានពានរង្វាន់ Pulitzer​ ។​

រឿងក្ដីប្រាក់១០០លានដុល្លារនេះ បានដាក់ពាក្យបណ្ដឹងទៅកាន់ Dutchess County, រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងពាក្យបណ្ដឹងនោះ បាន​រៀបរាប់ ពីឈ្មោះ​អ្នករាយការណ៍ព័ត៌មានរបស់​សារព័ត៌មាន New York Times រួមមាន Susanne Craig, David Barstow និង Russ Buettner ហើយពួកគេទាំង៣នាក់នេះ ​បានជាប់ពាក់ព័ន្ធនឹងកិច្ចការ ​ធ្វើឲ្យទទួលបានកំណត់ត្រាពន្ធសម្ងាត់របស់គ្រួសារលោក ដូណាល់ ត្រាំ។​​

​ពាក្យបណ្តឹងនោះ បានរៀបរាប់ថា «ចុងចោទបានចូលរួម ក្នុងគម្រោងលាក់កំបាំង ដើម្បីទទួលបានកំណត់ត្រាសម្ងាត់ និងរឿងរសើបបំផុត ដែលពួកគេបានកេងប្រវ័ញ្ច សម្រាប់​ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ជាមធ្យោបាយ នៃការធ្វើឱ្យស្របច្បាប់នូវការងារសាធារណៈរបស់ពួកគេ»។

សារព័ត៌មាន ​New York Times   បានរាយការណ៍ថា លោក ដូណាល់ ត្រាំ ទទួ​លបានលុយជាង៤០០លានដុល្លារសហរដ្ឋអាមេរិក តាមលក្ខខណ្ឌទាន់សម័យ ពីអាណាចក្រអចលនទ្រព្យរបស់ឪពុករបស់គាត់ ភាគច្រើន តាមរយៈគម្រោងបន្លំពន្ធ។​ ចំណែកលោកស្រី Mary Trump ​ជាកូនស្រីបង្កើតរបស់លោក Fred Trump Jr ត្រូវជាបងប្រុសច្បង​របស់លោក ដូណាល់ ត្រាំ ដែលបានស្លាប់ កាលពីអំឡុងឆ្នាំ១៩៨១ ដោយសារផលវិបាក ពីការសេពគ្រឿងស្រវឹង​។

​ជាមួយគ្នានេះ សារព័ត៌មាន ​New York Times  និងអ្នកកាសែត៣នាក់ បានឈ្នះរង្វាន់ Pulitzer នៅឆ្នាំ២០១៩ ជុំវិញការស៊ើបអង្កេត លើហិរញ្ញវត្ថុរបស់គ្រួសារលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ គណៈកម្មាធិការរង្វាន់ Pulitzer បានបញ្ជាក់ ដោយសំអាងលើការអះអាង​របស់គាត់ អំពីទ្រព្យសម្បត្តិ ដែលធ្វើឡើង ដោយខ្លួនឯង និងបង្ហាញ ពីអាណាចក្រជំនួញ​ពោរពេញទៅដោយការគេចពន្ធ»៕