រដ្ឋធានីម៉ានីល៖ ក្រោយពេលស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាក់គីអាវ ប្រកាសឈរឈ្មោះ ប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីលីននោះមក ស្រាប់តែពេលនេះ តួកុនដ៏ល្បីល្បាញម្នាក់របស់ប្រទេសនេះ ហើយបច្ចុប្បន្នមានតួនាទីជា​អភិបាលក្រុងម៉ានីន ក៏បានសម្រេចចិត្តឈរឈ្មោះ ចូលរួមប្រកួតប្រជែង ដណ្ដើមតំណែងកំពូលនេះ នៅក្នុងការបោះឆ្នោត នាឆ្នាំ២០២២ខាងមុនេះ ដោយលោកបានចោទ ប្រកាន់ប្រធានាធិបតី Duterte​ ពីការ​បរាជ័យ នៅក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និង​អំពើពុករលួយ​។

សារព័ត៌មាន Al Jazeera បានផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ថា លោក Isko Moreno ​​​អភិបាលក្រុងម៉ានីល និងជាតារាភាពយន្ដផងនោះ បានសម្រេចចិត្ត​ឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតីហ្វីលីពី សម្រាប់ការ​បោះឆ្នោតជាតិ នៅ​ឆ្នាំ២០២២។ អភិបាលក្រុង បានសន្យា ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ហើយលោកក៏បានវាយប្រហារ សម្ដៅទៅលើអតីតសម្ពន្ធមិត្តរបស់លោក គឺលោក​ រ៉ូឌ្រីហ្គោ ឌូទើរតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ពីការបរាជ័យ នៅក្នុងការទប់ស្កាត់ការរាតត្បាតពីជំងឺកូវីដ-១៩ និង អំពើពុករលួយ។​

រដ្ឋធម្មនុញ្ញហ្វីលីពីន បានរារាំងដល់លោក Duterte ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នៅក្នុងអាណត្ដិទី២របស់គាត់។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី លោក Duterte អាចមានសិទ្ធិ​ឈរឈ្មោះ ក្នុងតំណែងជាអនុប្រធានាធិបតីបាន។ ហ្វីលីពីន បានកំណត់ពេល​បោះឆ្នោតប្រធានាធិបតី នៅខែឧសភា​ ឆ្នាំ២០២២ ខាងមុខនេះ៕