រដ្ឋធានីអ៊ិស្លាមបាដ៖ ដោយសារតែ​តាលីបង់ មិនអាចប្រមូល មកពីគ្រប់ភាគីទាំងអស់ ឲ្យចូលរួម នៅក្នុង​រដ្ឋាភិបាលចម្រុះ នៅ​អាហ្វហ្គានីស្ថាន ក្រោយការ​ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក អា​ស្រាហ្វ ហ្គានី (Ashraf Ghani) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះបាន ទើបនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន ចេញមុខមក ព្រមានអំពី​សង្គ្រាមស៊ីវិល អាចនឹងផ្ទុះឡើង ហើយលោកបង្ហាញ ពីការ​ព្រួយបារម្ភកាន់តែ​ខ្លាំង អំពីវិបត្ដិមនុស្សធម៌ និងជនភៀសខ្លួន។​

បើតាមសារព័ត៌មានអូស្រ្ដាលី កង់បេរ៉ា ថែមស៍ (The Canberra Times) បាន​​ចេញផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានព្រមានថា ​ប្រទេសអាហ្វហ្គានីស្ថាន អាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ប្រសិនបើតាលីបង់ មិនអាចបង្កើតរដ្ឋាភិបាលរួបរួមជាតិបាន​។​

លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC នៅក្នុងអំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ថា «ប្រសិនបើតាលីបង់ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ មកពីគ្រប់ភាគីទាំងអស់ បានទេ​នោះ ​​អាហ្វហ្គានីស្ថាន​ ​មិនយូរ មិនឆាប់ នឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ ប្រសិនបើ​​សង្រ្គាមស៊ីវិលផ្ទុះឡើង នៅក្នុងប្រទេសនេះមែននោះ ​​នឹងបង្កផលប៉ះពាល់ដល់ប្រទេសប៉ាគីស្ថាន​ផងដែរ»។​

លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានធ្វើការអត្ថាធិប្បាយបែបនេះជាលើកដំបូង ដែលជា«សារមួយដ៏លំបាក» ផ្ញើទៅកាន់តាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានការចោទប្រកាន់ដល់ប៉ាគីស្ថាន គាំទ្រដ៏ក្រុមឧទ្ទាមប្រដាប់អាវុធនេះ ដើម្បីវាយកម្ទេចចលនាតស៊ូ NRF នៅតំបន់ជ្រលងភ្នំផេនសៀរ (Panjsir) ។

លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសរបស់លោក មានការព្រួយបារម្ភជាចម្បង អំពីលទ្ធភាព នៃវិបត្តិមនុស្សធម៌ និងជនភៀសខ្លួន ប្រសិនបើសង្គ្រាមស៊ីវិល ផ្ទុះឡើង នៅលើទឹកដីអាហ្វហ្គានីស្ថាន ក៏ដូចជា លទ្ធភាព នៃការប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដោយក្រុមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលប៉ាគីស្ថាន​។

លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានបន្ដថា  អាហ្វហ្គានីស្ថាន ​នឹងមិនស្ថិរភាព ហើយមានតែភាពវឹកវរ។ ដូច្នេះអាហ្វហ្គានីស្ថាន នឹងក្លាយជាកន្លែងមនោគមន៍វិជ្ជា សម្រាប់ភេរវករ ។ ប្រសិនបើតាលីបង់មិនអាចគ្រប់គ្រងបាន ឬមួយការវាយប្រយុទ្ធគ្នា នៅតែបន្ដ វានឹងធ្វើឲ្យយើងកាន់តែព្រួយបារម្ភខ្លាំង។ ដូច្នេះអំពើភេរវកម្ម ចេញពីទឹកដីអាហ្វហ្គានីស្ថាន អាចនឹងកើតមានបន្ដទៀត។ កាលណាមានវិបត្ដិមនុស្សធម៌ ឬសង្គ្រាមស៊ីវិលនោះ គឺបញ្ហាជនភៀសខ្លួន នឹងហូរចូលមកកាន់ប្រទេសប៉ាគីស្ថាន នាំឲ្យយើងមានផលវិបាកច្រើនបន្ថែមទៀត»៕