បុរីញូវយ៉ក៖ ស្របពេលអាកាសធាតុ​កំពុងតែប្រែប្រួលកាន់តែខ្លាំងឡើងនោះ ធ្វើឲ្យមេដឹកនាំ នៅលើពិភពលោក ​ផ្ដោតអារម្មណ៍ទៅលើករណី​នេះ ទើបប្រធានាធិបតីចិន ​អះអាងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា រដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ឈប់ផ្ដល់លុយឲ្យប្រទេសនានា សម្រាប់សាងសង់រោងចក្រថាមពលអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម។

បើតាមសារព័ត៌មាន Al Jazeera  បានចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ថា លោក​ ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានថ្លែង ថា ប្រទេសចិននឹងមិនផ្តល់មូលនិធិដល់ការសាងសង់គម្រោងថាមពលដើរដោយធ្យូងថ្មថ្មី នៅក្រៅប្រទេសបន្ដទៀតនោះទេ។ រហូតមកដល់ពេលនេះ ពិភពលោកតែងតែលើកឡើង អំពីបញ្ហាអាកាសធាតុ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំជាប់ៗគ្នា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។​

ចិន កាលពីពេលកន្លងមក បានគាំទ្រដល់គម្រោងសាងសង់ថាមពលដើរដោយធ្យូងថ្មី នៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមមាន ឥណ្ឌូនេស៊ី និង បង់ក្លាដែស។ ប៉ុន្ដែក្រោមសម្ពាធការទូតយ៉ាងធ្ងន់​ធ្ងរនេះ ធ្វើឲ្យចិន​បញ្ចប់ការផ្តល់ហិរញ្ញប្បទាន សម្រាប់ជួយដល់ពិភពលោក ឲ្យសម្រេច​តាមគោលដៅ នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដើម្បីកាត់បន្ថយការបញ្ចេញកាបូននេះ៕