រដ្ឋធានីប៉ារីស៖ ក្រោយពេលមានជម្លោះការទូតយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី ជុំវិញកិច្ចព្រមព្រៀងសន្ដិសុខ (AUKUS) នោះមក រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានចេញមុខ​អះអាង ដោយចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែញុះញង់ បង្កឲ្យមានការប្រឈមមុខកាន់តែតានតឹងខ្លាំងឡើងជាមួយនឹងចិន។

​សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង កាលពីថ្ងៃទី២១ ខែកញ្ញា បានចោទប្រកាន់​សហរដ្ឋអាមេរិក ​ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែប៉ុនប៉ង ញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសចិន តាមរយៈកិច្ចព្រមព្រៀង នៅពីក្រោយខ្នង កាលពីពេលថ្មីនេះ រវាងរដ្ឋាភិបាលកង់បេរ៉ា និង វ៉ាស៊ីនតោន ដើម្បីលុបចោលកិច្ចព្រមព្រៀង សាងសង់នាវាមុជទឹក មានតម្លៃ៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយបារាំង ក្រោម​កិច្ចព្រមព្រៀង «AUKUS» នេះ។​

លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានថ្លែងទៅកាន់សម័យប្រជុំរដ្ឋសភាបារាំង ថា ការបង្កើនអំណាច និងការរំលោភបំពានទៅលើចិន អាចបណ្ដាលឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់បណ្ដាប្រទេស​ជាច្រើន។

លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា​ «យើងត្រូវតែរកឲ្យឃើញនូវជម្រើសណាមួយ សម្រាប់ភាពប្រាកដនិយម ដែលកំពុងកើនឡើងទៅលើចិន​។ ​បារាំង មានវត្តមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏​ព្រោះតែបារាំងមិនចង់ឱ្យសំឡេងរបស់ខ្លួន និងសំឡេងរបស់សហភាពអឺរ៉ុប ត្រូវបានគេទាត់ចោល។ សហរដ្ឋអាមេរិក មានគោលបំណង បង្កើនបញ្ហាប្រឈមមុខតានតឹងដាក់ចិន។ ករណីនេះ ខ្ញុំមិនចង់​ព្យាករនោះឡើយ ប៉ុន្តែការប្រឈមមុខដាក់គ្នា អាចនាំឲ្យមានការបង្កើនកម្លាំងទ័ពបន្ថែមទៀត។ តើបញ្ហានេះ យើង​ចង់បាន​សន្តិភាព និងទំនាក់ទំនងអន្តរជាតិ នៅក្នុងតំបន់ ជារឿងដ៏សំខាន់ដែរទេ?​

លោកស្រីរដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉ារីស ចង់គិតពិចារណានូវ​ជម្រើសជាច្រើនទៀត​​ សម្រាប់អន្តរកម្មបន្ថែម ក្នុងចំណោមដៃគូសហភាពអឺរ៉ុបទាក់ទងនឹងវិបត្តិនេះ។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ បានបង្កើតកិច្ចព្រមព្រៀងសន្ដិសុខថ្មី ជាប្រវត្ដិសាស្រ្ដ ដែលគេឲ្យឈ្មោះ «AUKUS» ។ កិច្ចព្រមព្រៀងត្រីភាគីនេះ មានគោលបំណង ទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

បើតាមកិច្ចព្រមព្រៀង AUKUS នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាព អាចសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរបាន។ ដោយសារតែបញ្ហានេះ ទើបអូស្រ្ដាលី បានសម្រេចចិត្តលុបចោលកុងត្រាសាងសង់នាវាមុជទឹក ចំនួន១២គ្រឿង ដែលមានតម្លៃ៣៣ពាន់លានដុល្លារជាមួយបារាំង។ រីឯកិច្ចព្រមព្រៀង AUKUS នេះ ក៏ជាដើមចមនាំឲ្យវិបត្ដិការទូតយ៉ាងខ្លាំង រវាងបារាំង និង​មហាអំណាចលោកខាងលិច ហើយសម្ពន្ធមិត្ត រួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្ដាលី ផងដែរ៕​