បុរីញូវយ៉ក៖ ស្របពេល​ទីក្រុងញូវយ៉ក បានអនុម័តច្បាប់ ហាមឃាត់អ្នកមិនទាន់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ចូលទៅទទួលទានអាហារ នៅក្នុងហាងនោះ ធ្វើឲ្យប្រធានាធិបតីប្រេស៊ីល ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវឈរហូបអាហារ នៅតាមចិញ្ចើមផ្លូវ ខណៈគាត់ធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងនេះ។

លោក Jair Bolsonaro បានទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងទីក្រុងញូវយ៉កបានអនុម័តច្បាប់ចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឲ្យចូលទៅក្នុងហាងនោះឡើយ។ ដូច្នោះហើយបានជា ប្រធានាធិបតីប្រេស៊ីល និងក្រុមការងារឈរហូបភីហ្សានៅក្រៅហាង។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល បានអញ្ជើញទៅ​ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលបានប្រារព្ធធ្វើឡើង នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-១៧ ខែកញ្ញា ឆ្នាំ២០២១។ មុនពេល ចូលប្រជុំនោះ លោកប្រធានាធិបតីបានឈរហូប​ភីហ្សាជាមួយនឹងមន្រ្ដីរដ្ឋាភិបាលរបស់លោក នៅតាមចិញ្ចើមថ្នល់ ហើយរូបភាពនេះ ត្រូវគេថត យកមកបង្ហោះ និងចែកចាយព្រោងព្រាត តាមបណ្ដាញសង្គមនានា នាំឲ្យមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ។

លោក Abdullah Shahid ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ កន្លងមកបានស្នើដល់បណ្តាគណៈប្រតិភូ នៃប្រទេសនីមួយៗ មុនពេលចូលសាលប្រជុំ ត្រូវបង្ហាញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ឬលិខិតសុខាភិបាល បញ្ជាក់ថា អវិជ្ជមាន នៃជំងឺកូវីដ-១៩។ ប៉ុន្តែក្រោយមក​​សំណើនេះ ត្រូវបានអង្គការសហប្រជាជាតិសម្រេចចិត្តលុបចោលវិញ ព្រោះករណីនេះ អាចធ្វើឲ្យប្រមុខរដ្ឋាភិបាលខ្លះ ដែលប្រឆាំងនឹងការចាក់វ៉ាក់សាំង មិនអាចចូលរួមប្រជុំបាន។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ក្លាយ​បុគ្គលមួយរូប ប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារថា លោកមិនជឿ អំពីប្រសិទ្ធភាព នៃវ៉ាក់សាំងទាំងនោះ។ ម្យ៉ាងទៀត លោកជឿជាក់ថា រាងកាយរបស់លោក នៅមានអង់ទីគ័រការពារប្រឆាំងកូវីដ-១៩បានយ៉ាងល្អ ក្រោយពេលលោកជាសះស្បើយ ពីកូវីដ-១៩។ លោក Bolsonaro ក៏ជាបុគ្គលតែមួយគត់ ​ក្នុងចំណោមមេដឹកនាំប្រទេស G20 ដែលមិនទាន់បានចាក់វ៉ាក់សាំង ប្រឆាំងនឹងកូវីដ-១៩។

លោក Bill de Blasio អភិបាលក្រុងញូវយ៉ក  កាលពី​ថ្ងៃទី២០ ខែកញ្ញា បានបង្ហាញ ពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រធានាធិបតីប្រេស៊ីល។ លោកបានបញ្ជាក់ថា «យើងបានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំទាំងអស់ នៅជុំវិញពិភពលោក ក្នុងនោះមានទាំងប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ផងដែរថា មនុស្សគ្រប់រូប បើចង់មកកាន់សហរដ្ឋអាមេរិក ត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជាមុនសិន បើមិនទាន់បានចាក់វ៉ាក់សាំងទេ សូមមេត្តាកុំមកចូលរួមកិច្ចប្រជុំ។ ការស្នើសុំបែបនេះ ក៏​ដើម្បីសុវត្ថិភាពដល់មនុស្សគ្រប់រូបផងដែរ ។

បើតាមសារព័ត៌មាន Bloomberg បានផ្សាយ កាលពីថ្ងៃទី២១ ខែកញ្ញា ថា សមាជិកមួយរូប ក្នុងគណៈប្រតិភូរបស់ប្រធានាធិបតី Bolsonaro ត្រូវបានធ្វើចត្តាឡីស័ក ក្រោយធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ធ្លាប់ដើរធ្វើបាតុកម្មទាមទារឲ្យបើកប្រទេស ខណៈប្រេស៊ីល ទើបតែមានអ្នកឆ្លងជំងឺកូវីដ-១៩ មិនដល់១ពាន់នាក់ផង។ លោកប្រធានាធិបតី ជឿថា នេះជាជំងឺផ្ដាសាយធំ រហូតមានការខ្វែងគំនិតជាមួយរដ្ឋមន្រ្ដីក្រសួងសុខាភិបាលយ៉ាងខ្លាំង ហើយបណ្ដេញរដ្ឋមន្រ្ដីរូបនោះចេញពីតំណែងថែមទៀតផង។ ដោយសារតែករណីបែបហ្នឹង ទើបធ្វើឲ្យប្រេស៊ីល ផ្ទុះការឆ្លង និងស្លាប់ដោយជំងឺកូវីដខ្លាំងលំដាប់លេខ៣ នៅលើ
ពិភពលោក៕