បុរីញូវយ៉ក៖ ក្រោយពេលផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយបានបង្កើតរដ្ឋាភិបាលថ្មីនោះមក តាលីបង់ ​បានស្នើសុំថ្លែងទៅកាន់មេដឹកនាំរបស់ពិភពលោក នៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ ប៉ុន្ដែទំនងជាមិនអាចទៅរួចឡើយ។

សារព័ត៌មាន BBC បានចេញផ្សាយ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋមន្រ្ដីក្រសួងការបរទេសតាលីបង់​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានសរសេរលិខិតមួយច្បាប់ ស្នើទៅកាន់អង្គការសហប្រជាជាតិ ដើម្បីសុំឲ្យពួកគេមានតំណែងប្រចាំនៅក្នុងអង្គការកំពូលរបស់ពិភពលោកមួយនេះ។ ប៉ុន្ដែគណៈកម្មាធិការអង្គការសហប្រជាជាតិ នឹងត្រួតពិនិត្យមើលសំណើរបស់តាលីបង់។

តាលីបង់ ក៏បានស្នើសុំ តែងតាំងលោក Suhail Shaheen ជាអ្នកនាំពាក្យរបស់ពួកគេ ដែលមានមូលដ្ឋាន ប្រចាំនៅទីក្រុងដូហា ប្រទេសកាតារ ក្លាយជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ។ តាលីបង់ បានអះអាងថា ប្រេសិតរបស់រដ្ឋាភិបាលរបស់លោក Ashraf Ghani ដែលត្រូវបានបណ្ដេញចេញពីតំណែង នឹងមិនមែនជាតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថាន បន្ដទៀតឡើយ។​

បើយោងតាមអ្នកនាំពាក្យ អង្គការសហប្រជាជាតិម្នាក់ បានថ្លែងថា សំណើរបស់តាលីបង់ ដើម្បីចូលរួម នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នេះ កំពុងតែលើកយកមកពិចារណា ដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលមាន​​សមាជិក ចំនួន៩រូប រួមមាន សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី…ជាដើម។​ ប៉ុន្ដែករណីនេះ តាលីបង់ ​ទំនងជាមិនអាចបានចូលរួមជួបកិច្ចប្រជុំនេះ មុនពេលបញ្ចប់សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២១នោះឡើយ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ បើតាម​ច្បាប់របស់អង្គការសហប្រជាជាតិ លោក Ghulam Isaczai  ដែលត្រូវបានតែងតាំងដោយលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ត្រូវបានតាលីបង់ បណ្ដេញចេញពីអំណាចនោះ ក៏នឹងនៅតែជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ ដដែល។

លោក Ghulam Isaczai  ត្រូវបានគេរំពឹងថា គាត់នឹងថ្លែងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃចុងបញ្ចប់ នៃមហាសន្និបាតរបស់អង្គការកំពូលរបស់ពិភពលោក បើទោះជាតាលីបង់ បានអះអាងថា «បេសកកម្មរបស់គាត់ មិនមែនជាតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថនាក្ដី»៕​