ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយបុរសឈ្មោះ ជួប សុភា អាយុ២៦ឆ្នាំ មុខរបរមន្ត្រីឥណទាន រស់នៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែក គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ សូមទូរស័ព្ទទៅកាន់អាជ្ញាធរខេត្តតាមលេខ 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៣នាក់។ អ្នកជំងឺចំនួន៤៦៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់។ បើគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០១ ៤៤៣នាក់។ អ្នកជាសះស្បើយសរុបចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់សរុបចំនួន២ ០៦៧នាក់៕