រាជធានីភ្នំពេញ ៖ ការខ្វល់ពីអ្វីដែលអ្នកដទៃគិតមិនល្អមកលើខ្លួនជារឿងដែលមនុស្សមួយចំនួនតែងតែជួបប្រទះនូវអារម្មណ៍បែបនេះជាញឹកញាប់ ខណៈពួកគេហាក់មានការខ្លាចរអាជាមួយនឹងការគិតរបស់អ្នកដទៃមកលើខ្លួន ដែលជាហេតុធ្វើឲ្យគេមានការប្រុងប្រយ័ត្នជ្រុលហួសហេតុពេកជាមួយនឹងសកម្មភាពការងារ ការនិយាយស្តី ឬការប្រាស្រ័យទាក់ទងជាមួយនឹងនរណាម្នាក់ជាដើម។

អ្នកសាកគិតទៅមើលថា បើអ្នកនៅតែខ្វល់គិតពីគំនិតអ្នកដទៃដែលតែងតែគិតបែបនេះបែបនោះមកលើខ្លួន តើអ្នកមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែជាប់គុកផ្នែកអារម្មណ៍មួយបាត់ទៅហើយ។ ប្រការនេះអ្នកគួរតែងាកមកមើលខ្លួនឯង ហើយព្យាយាមធ្វើអ្វីដែលខ្លួនគិតថានឹងរីកចម្រើនបន្តជាមួយនឹងសកម្មភាពរបស់ខ្លួនឯង។ ចូរកុំមានអារម្មណ៍ថាខ្លួនឯងជាចោរ ប្រសិនបើយើងមិនបានលួច ដូចគ្នាដែរចូរអ្នកកុំមានអារម្មណ៍រង្គៀសធ្វើអ្វីបើយើងគិតថាខ្លួនឯងមានលក្ខណៈល្អគ្រប់គ្រាន់សម្រាប់ខ្លួនឯង។

ជីវិតអ្នកអាចនឹងនៅជាប់គាំងព្រោះការបារម្ភខ្លាចគំនិតមិនល្អរបស់អ្នកដទៃគិតមកលើខ្លួន ជាហេតុធ្វើឲ្យខ្លួនកាន់តែមិនអាចរីករាយ គ្មានក្ដីសុខផ្លូវចិត្ត ឬរស់នៅតែជាមួយគំនិតគ្មានសុវត្ថិភាពជាដើម៕
អត្ថបទដោយ ៖ ប៊ុត បឋវី