ក្នុងជីវិត កុំប្រៀបធៀបជំពូកទី១នៃជីវិតខ្លួន ទៅនឹងជំពូកទី២០នៃជីវិតរបស់អ្នកដទៃ!រាជធានីភ្នំពេញ ៖ ក្នុងឆាកជីវិតនេះ បើអ្នកយកចំណុចខ្លាំងរបស់អ្នកដទៃហើយប្រៀបធៀបវាទៅនឹងចំណុចខ្សោយរបស់អ្នកតើអ្នកគិតថាអ្នកនឹងបានល្អប្រសើរឡើងវិញមែនទេ? ហើយតើអ្នកគិតថានេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អទេឡើងវិញមែនទេ? ប្រាកដណាស់ អ្នកនឹងមិនមានអារម្មណ៍ល្អប្រសើរនោះឡឡើយនៅពេលដែលអ្នកព្យាយាមយកភាពកម្សោយរបស់ខ្លួនទៅធ្វើការប្រៀបធៀបនឹងភាពខ្លាំងនៃអ្នកដទៃ វាកាន់តែធ្វើឲ្យអ្នកជួបតែភាពឈឺចាប់ទៅវិញនោះទេ បន្ថែមលើការឈឺចាប់ វានឹងធ្វើឲ្យជីវិតអ្នកអាចនឹងមិនទៅមុខថែមទៀតផង។

ក្នុងជីវិតនៃការប្រកួតប្រជែង អ្នកពុំគួរព្យាយាមប្រៀបធៀបជំពូកទី ១នៃជីវិតរបស់ខ្លួន ទៅនឹងជំពូកទី២០ នៃជីវិតរបស់អ្នកដទៃនោះឡើយ ព្រោះការប្រៀបធៀបនេះត្រូវបានគេប្រដូចទៅនឹងចោរលួចសុភមង្គលតែប៉ុណ្ណោះ។ ការប្រៀបធៀបមួយដែលអាចធ្វើឲ្យជីវិតអ្នកដំណើរការទៅបាន និងមានលក្ខណៈប្រសើរនោះគឺជាការប្រៀបធៀបខ្លួនឯងនៅថ្ងៃនេះជាមួយនឹងថ្ងៃម្សិលមិញ ដោយសួរថាតើនៅថ្ងៃនេះអ្នកមានគំនិតរីចម្រើនជាងថ្ងៃម្សិលមិញបានខ្លះដែរទេ ជាដើម។

មនុស្សម្នាក់ៗកើតមកមានចំណុចពិសេស លក្ខណៈពិសេសខុសៗគ្នា អ្នកពុំគួប្រៀបធៀបជំហានដំបូងដ៏ខ្លីរបស់អ្នកជាមួយនឹងអ្នកដទៃដែលដើរជិតដល់គោលដៅនោះ វាកាន់តែធ្វើឲ្យអ្នកបាក់ទឹកចិត្ត គ្មានកម្លាំងបន្តដំណើរជីវិត ឬមានតែក្ដីអស់សង្ឃឹមតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើការប្រៀបធៀបខ្លួនអ្នក និងអ្នកដទៃ នោះអ្នកនៅតែបន្តការដើទៅមុខជាដរាបរហូតពេលមួយអ្នកនឹងអាចទៅដល់គោលដៅបានដូចគ្នាផងដែរ៕