រាជធានីភ្នំពេញ ៖ នៅពេលដែលមនុស្សម្នាក់មានបញ្ហា មានវិបត្តិ គេតែងតែបន្ទោសថាមកពីបែបនេះ ឬមកពីបែបនោះទើបជីវិតគេត្រូវធ្លាក់ដល់ចំណុចអាក្រក់បែបនេះ ខណៈពេលខ្លះពួគេពុំបានដឹងទេថា ជីវិតរបស់គេត្រូវជួបបញ្ហាឬត្រូវបានអ្វីបំផ្លាញឲ្យពិតប្រាកដ។

ជាការពិតណាស់ ឫសគល់ដ៏អាក្រក់មួយចំនួន គឺបានតាមបំផ្លាញជីវិតរបស់មនុស្សគ្មានស្រាកស្រាន្តនោះទេ ដែលមានដូចជាការតូចចិត្ត(​ឆាប់អន់ចិត្ត ឆាប់យំ ឆាប់ចុះចាញ់) ជាហេតុធ្វើឲ្យជីវិតជួបតែរឿងមិនល្អផ្សេងៗ។ នៅពេលដែលមនុស្សពូកែតែរឿងតូចចិត្ត អន់ចិត្តច្រើនពេក ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនក៏ត្រូវបានបាត់បង់ ជាពិសេសនោះគឺការពិបាកប្រឈមមុខជាមួយនឹងខ្លួនឯង ជាមួយអ្នកដទៃ ឬក៏សង្គមខាងក្រៅផងដែរ ជាហេតុធ្វើឲ្យអ្នកត្រូវជួបរឿងបរាជ័យ ទទួលបានការមើលងាយពីមនុស្សជុំវិញខ្លួន។

ម្យ៉ាងទៀតការបាត់បង់ជំនឿចិត្ត គ្មានភាពជឿជាក់ នោះអ្នកនឹងត្រូវបានបាត់បង់ឱកាសក្នុងការធ្វើអ្វីមួយផងដែរ ព្រោះការគ្មានភាពជឿជាក់ ឬធ្វើអ្វីមួយដោយមិនមែនជាខ្លួនឯងនឹងនាំឲ្យជីវិតកាន់តែពិបាក ខាតពេលវេលា ឬខ្ជះខ្ជាយជាមួយនឹងរឿងឥតប្រយោជន៍មួយចំនួនផងដែរ។

មនុស្សគប្បីមានភាពរឹងមាំ រក្សាការរៀនបន្ថែម ពង្រឹងភាពក្លាហាន មានសេចក្ដីព្យាយាម និងមិនត្រូវឆាប់វាយតម្លៃទៅលើអ្វីមួយលឿនពេក ជាពិសេសកុំមានការទាមទារច្រើនពេកនោះជីវិតអ្នកក៏អាចគេចចេញពីឫសគល់ដែលតាមបំផ្លាញជីវិតរបស់អ្នកបានផងដែរ៕