ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅភូមិឡពាង ភូមិសូវង្ស និងភូមិសំរោង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្នើសុំដាក់បឹង«ពោធិ៍» ដែលផ្ទៃដីទំហំ៤៧.២២ហិចតារ ដាក់ជាបឹងអភិរក្សជីវៈចម្រុះ តែត្រូវមេភូមិទាំង៣ខាងលើ និងអាជ្ញាធរពាក់ព័ន្ធមិនហ៊ានស៊ីញេ លើលិខិត ស្នើសុំនោះទេ ដោយលើកឡើងថា ពួកគាត់ខ្លាចជាប់គុកណាស់។

ប្រជាពលរដ្ឋរស់នៅទីនោះ បានលើកឡើងថា កាលពីមុន បឹង«ពោធិ៍» ជាបឹងធម្មជាតិ សម្បូរដោយជីវៈចម្រុះ ជាពិសេសមច្ឆជាតិគ្រប់ប្រភេទ ហើយក៏ជាអាងទឹកដ៏សំខាន់សម្រាប់សោចស្រពស្រូវ ដំណាំ បន្លែបង្ការ ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងនេះ ឲ្យបានធូរធារ រស់នៅសមរម្យ មានហូបចុកគ្រប់គ្រាន់ ។ តែក្រោយៗដោយសារខ្វះភាពថែរក្សា ការពារឲ្យបានត្រឹមត្រូវ បឹង«ពោធិ៍» ក៏មានការរីងស្ងួត ធ្វើឲ្យប្រជាកសិករខ្វះទឹកប្រើប្រាស់ ស្រោចស្រពផលដំណាំ ហើយមច្ឆជាតិ ក៏ចេះតែក្សត់ទៅៗ ធ្វើឲ្យប្រជាកសិករបាត់បង់ប្រាក់ចំណូលពីការនេសាទត្រីលក់ ហើយជីវភាពធ្លាក់ដុនដាបជាលំដាប់។ ក្រោមហេតុផលទាំងនេះហើយ ទើបប្រជាពលរដ្ឋរស់នៅជុំវិញបឹងនោះ មានគំនិតចង់ឲ្យបឹង«ពោធិ៍»នេះ ជាបឹងអភិរក្ស។

លោកស្ញួន ញៀន អាយុ៤២ឆ្នាំ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយជំនួយការប្រធានសហគមន៍ «ឡពាង» បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅជុំវិញបឹង«ពោធិ៍» មានចំនួនជាង៧០០០គ្រួសារ ដោយប្រកបរបរធ្វើស្រែចម្ការ ចាប់កូនកង្កែបលក់ ជីកជន្លេនលក់ រកខ្យងលក់ និងនេសាទត្រី ជាដើម ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ហើយប្រជាពលរដ្ឋមួយផ្នែកធំ គឺអាស្រ័យផលពីបឹង«ពោធិ៍» នេះតែម្តង ទើបពួកគាត់មានគំនិតចង់ឲ្យបឹង«ពោធិ៍» នេះ ក្លាយជាបឹងអភិរក្ស តែអាជ្ញាធរពាក់ព័ន្ធមិនស៊ីញេលើលិខិតស្នើសុំរបស់ប្រជាពលរដ្ឋ ដោយយកលេសថា ខ្លាចជាប់គុក (ម៉ែអាថ្លែន គ្រាន់តែស៊ីញេការពារធនធានធម្មជាតិសោះ ខ្លាចជាប់គុកដែរ ចឹងធ្វើជាម៉ែឪរបស់ប្រជាពលរដ្ឋម៉េចកើត)។

លោកស្ញួន ញៀន បន្តថា មេភូមិឡពាង ឈ្មោះឌុច ប៊ុនហេង មេភូមិសូវង្ស ឈ្មោះអ៊ីម (មិនចាំត្រកូល) មេភូមិសំរោងឈ្មោះហាក់(មិនចាំត្រកូល) រីឯមេឃុំតាជេស ឈ្មោះនួន ស៊ន (ចាស់) ទើបឡើងមេឃុំថ្មីជាស្រ្តី ឈ្មោះស្វាយ ស៊ីម ដែលពួកគាត់មិនព្រមស៊ីញេលើលិខិតស្នើសុំបង្កើតបឹងអភិរក្សរបស់ប្រជាពលរដ្ឋឡើយ ដោយយកលេសនេះលេសនោះ អ្នកខ្លះថា «គាត់មិនស៊ីញេឲ្យទេ ខ្លាចត្រូវជាប់គុក » ហើយរុញដាក់គ្នាទៅវិញទៅមក។ កន្លងមក ប្រជាពលរដ្ឋ បានយកលិខិតស្នើសុំបង្កើតបឹងអភិរក្សនេះ ទៅដាក់នៅរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅរដ្ឋបាលជល់ផលខេត្ត នៅមន្ទីរកសិកម្មខេត្ត និងនៅសាលាស្រុកកំពង់ត្រឡាច ជាដើម តែលទ្ធផលបានត្រឹមរុញច្រានដាក់គ្នា។

លោកស្ញួន ញៀន បញ្ជាក់ថា ប្រជាពលរដ្ឋគ្រាន់តែស្នើសុំដាក់បឹង«ពោធិ៍ » ជាបឹងអភិរក្សសោះ ក្នុងបំណងការពារធនធានធម្មជាតិ ឲ្យក្លាយជាបឹងអភិរក្សត្រឹមត្រូវទៅតាមច្បាប់រដ្ឋ ដើម្បីបានអាស្រ័យផលយូរអង្វែងដល់កូនចៅ ការពារបឹងនេះ មិនឲ្យក្លាយជាកម្មសិទ្ធិរបស់ជនណាម្នាក់ បែរជាត្រូវពិបាកជាងសុំភ្លើងយក្សទៅទៀត បើគិតមកដល់ពេលនេះមានរយៈពេលជាង៥ឆ្នាំហើយ នៅតែមិនទាន់បានសម្រេចទៀត តែយ៉ាងណា ប្រជាពលរដ្ឋមិនរុញរាទេ ដោយបន្តរិះរកវិធីតាមផ្លូវច្បាប់ ដើម្បីដាក់បឹង«ពោធិ៍» ក្លាយជាបឹងអភិរក្ស។

ជាចុងក្រោយ ប្រជាពលរដ្ឋរស់នៅជុំវិញបឹង «ពោធិ៍» បានសំពះស្នើសុំដល់សម្តេចតេជោនាយករដ្ឋ ហ៊ុន សែន លោកអភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័ន មេត្តាជួយដាក់បឹង«ពោធិ៍» ជាបឹងអភិរក្ស ឲ្យបានត្រឹមត្រូវតាមច្បាប់ផង ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅទីនោះ បានយូរអង្វែង៕