រាជធានីភ្នំពេញ ៖ ការនិយាយកុហក គឺជាការបោកប្រាស់ទំនុកចិត្ត និយាយធ្វើឲ្យគេជឿហើយក៏បែរជាក្រឡាស់វិញ។ មនុស្សដែលមានសេចក្ដីថ្លៃថ្នូរគេនឹងមិននិយាយពាក្យកុហកជាដាច់ខាត ព្រោះការកុហកនឹងនាំឲ្យមនុស្សដែលធ្លាប់ទុកចិត្តអ្នកចាកចេញពីអ្នក ធ្វើឲ្យមនុស្សជុំវិញខ្លួនលែងឲ្យតម្លៃអ្នក ជាពិសេសតម្លៃនៃកិត្តិយស ឬជីវិតរបស់អ្នកនឹងធ្លាក់ចុះទៅតាមការនិយាយកុហកជាញឹកញាប់របស់អ្នកផងដែរ។

តាមពិតទៅមនុស្សគួរតែនិយាយពាក្យពិតជានិច្ចដើម្បីរក្សាតម្លៃរបស់ខ្លួន ព្រោះការនិយាយពាក្យពិតនឹងធ្វើឲ្យអ្នកដទៃមើលមកឃើញថាអ្នកជាមនុស្សគួរឲ្យទុកចិត្ត និងជាមនុស្សដែលមិនមានកិច្ចកលអ្វីមួយ។ មានមនុស្សមួយចំនួនបានលើកឡើងបីគុណសម្បត្តិនៃការកុហក ប៉ុន្តែតើអ្នកដឹងទេថា ការកុហកវាអាចធ្វើឲ្យអ្នកគេចផុតពីបញ្ហាតែក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះ តែនៅថ្ងៃអនាគតវានឹងបង្ហាញពីទុក្ខទោសមកវិញជាក់ជាមិនខាន ហេតុនេះមនុស្សគួរចៀសវាងការពោលពាក្យមុសា ឬកុហកបំភ័ន្តអ្នកដទៃ ឬធ្វើឲ្យអ្នកដទៃត្រូវរងទុក្ខទោសព្រោះការកុហករបស់ខ្លួនផងដែរ។

មួយវិញទៀត ការនិយាយកុហកគឺគ្រាន់តែជាវិធីមួយដើម្បីគេចចេញពីការពិតពេលខ្លះការពិតធ្វើឱ្យយើងភ័យខ្លាចនោះគឺជាហេតុផលមួយដែលធ្វើឱ្យអ្នកកុហក ខណៈអ្នកអាចមិនដឹងទេថា រឿងដែលគួរឲ្យភ័យខ្លាចជាងការពិតនោះគឺការកុកនេះឯង។ មួយវិញទៀត ប្រសិនបើអ្នកបន្តនិយាយកុហកច្រើនដងអ្នកនឹងស៊ាំហើយវាអាចក្លាយជាទម្លាប់ បន្ទាប់មកបញ្ហាផ្ទាល់ខ្លួនទាំងឡាយរបស់អ្នកនឹងអាចកើតមានផងដែរ៕