រដ្ឋធានីលីម៉ា៖ រថយន្ដក្រុងមួយគ្រឿង បានបើកធ្លាក់ពីលើច្រាំងជ្រលងភ្នំ បណ្ដាល​ឲ្យមនុស្ស​យ៉ាង​តិច៣២នាក់បាត់បង់ជីវិត កាលពីថ្ងៃទី៣១ ខែសីហា នៅត្រង់ចំណុចចំណោត Andes មានចម្ងាយប្រហែល៦០គីឡូម៉ែត្រ នាភាគខាងកើត រដ្ឋធានីលីម៉ា (Lima) ប្រទេសប៉េរូ។

មន្រ្ដីប៉ូលិស ក្នុងតំបន់ បានបញ្ជាក់ថា នៅក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍​រថយន្ដបើក​ធ្លាក់​ពីលើច្រាំងភ្នំនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច៣២នាក់បាត់បង់ជីវិត ហើយ​ក្នុងនោះ​មាន​កុមារ​២នាក់ផងដែរ។ ដោយឡែកមនុស្សជាង២០នាក់ផ្សេងទៀត បានរងរបួស។

មន្រ្ដីប៉ូលិសដដែល បានបន្ថែមថា ករណីនេះ ជាគ្រោះថ្នាក់ចរាចរណ៍លើកទី៣ ដែល​បាន​បណ្ដាល​ឲ្យមនុស្សជាច្រើននាក់ស្លាប់ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ នៅត្រង់​ចំណុច​ផ្លូវ​ច្រាំង​ចំណោតភ្នំ Andes ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅត្រង់ចំណុចផ្លូវតូចមួយ នៃផ្លូវទៅកាន់ Carretera ដែលមានចម្ងាយ៦០គីឡូម៉ែត្រ នាភាគខាងកើត នៃរដ្ឋធានីលីម៉ា ហើយក៏ជាផ្លូវតភ្ជាប់ពីទីក្រុងលីម៉ាទៅកាន់តំបន់ជាច្រើន នៅកណ្ដាលភ្នំ Andes ផងដែរ។

លោក Cesar Cervantes ស្នងការប៉ូលិស បានបញ្ជាក់ថា ក្នុងចំណោម​អ្នកបាត់បង់​ជីវិត​ទាំង៣២នាក់ នៅក្នុងឧប្បត្ដិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ មានកុមារ២នាក់ ហើយ​ក្នុងនោះ​មានក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ និងក្មេងស្រីអាយុ៣ឆ្នាំម្នាក់។ ដោយឡែករថយន្ដនេះ បានដឹកអ្នកដំណើរ ចំនួន៦៣នាក់។

លោកស្នងការប៉ូលិស បានបន្ថែមថា បើតាមអ្នកនៅរស់រានមានជីវិត បានប្រាប់ថា មុនពេល​កើត​ហេតុនោះ រថយន្ដបានបើក នៅក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថ​យន្ដ​បានកិតដុំថ្មមួយ ធ្វើឲ្យរថយន្ដក្រឡាច់ចង្កូត រេខុសផ្លូវ ធ្លាក់ពីលើច្រាំងចំណោតភ្នំ ដែល​មាន​កម្ពស់២០០ម៉ែត្រតែម្ដង។

ប្រទេសប៉េរ៉ូ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានហេតុការណ៍ដ៏អាក្រក់ចំនួន២ករណី បានកើតឡើង ដោយសារទូកចំនួន២គ្រឿង បានក្រឡាប់លិច នៅក្នុងទន្លេអាម៉ាហ្សូន ស្ថិតក្នុងទឹកដីរបស់ខ្លួន ដោយបានបណ្ដាលឲ្យមនុស្ស២២នាក់បាត់បង់ជីវិត។ ចំណែកសាកសពរបស់ជនរងគ្រោះមួយចំនួនទៀត នៅតែរកមិនទាន់ឃើញ នៅឡើយ។ ដោយឡែក ក្នុងរយៈពេល២ថ្ងៃ មុនមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏មានរថយន្ដក្រុង២គ្រឿង បើកធ្លាក់ជ្រោះ នៅភាគអាគ្នេយ៍ នៃប្រទេសប៉េរូ បណ្ដាលឲ្យមនុស្ស១៧នាក់បាត់បង់ជីវិត៕