ប្រទេសថៃ​៖ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ប៉ូលីសនៅប៉ុស្តិ៍នគរបាល Phuping Ratchaniwet ខេត្តឈៀងម៉ៃ បានចូលវាយឆ្មក់ចាប់ខ្លួនព្រះចៅអធិការមួយរូប រួមទាំងព្រះសង្ឃចំនួន៧នាក់ទៀត ពាក់ព័ន្ធនឹងករណីបើកវង់ផឹកស៊ី អាំងសាច់ ឆាន់ធ្វើព្រងើយ នៅពីមុខបដិមាព្រះពុទ្ធ ដោយគ្មានកោតក្រែងពីសីលធម៌ប្រតិបត្តិក្នុងពុទ្ធសាសនាឡើយ ហើយការបើកវង់ផឹកនេះគឺស្របពេលដែលប្រទេសថៃ កំពុងដាក់បម្រាមហាមឃាត់មិនឲ្យមានការជួបជុំសេពគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាជនរស់នៅក្បែរវត្តប៉ានសៅ ស្ថិតនៅក្នុងឃុំស៊ូថេបស្រុកមឿង ខេត្តឈៀងម៉ៃ ប្រទេសថៃ ប៉ូលីសបានឲ្យដឹងថា ការបើកវង់ផឹកស៊ីនេះគឺដឹកនាំដោយព្រះចៅអធិការវត្ត ដែលនៅក្នុងនោះយើងឃើញមានស្រាបៀរ រួមជាមួយសាច់ជ្រូកឆ្ងាញ់ ដោយជារឿយៗនៅពាក់កណ្តាលយប់នៅខាងក្នុងវត្ត ព្រះចៅអធិការវត្តរូបនេះតែងតែបើកវង់ផឹកស៊ីដោយមិនខ្លាចច្បាប់ ហើយមិនខ្វល់ពីសំដីរបស់អ្នកភូមិទេ។

នៅពេលប៉ូលីសល្បាតមកដល់ពួកគេបានរកឃើញក្រុមព្រះសង្ឃ៦អង្គ និងឧបាសក១នាក់ កំពុងអង្គុយផឹកស្រា ហើយភ្លាមៗនោះប៉ូលីសក៏បានទាក់ទងទៅខាងគ្រូពេទ្យជួរមុខ ដើម្បីធ្វើការយកសំណាក ហើយសម្រេចបញ្ជូនព្រះសង្ឃទាំងអស់គ្នានោះទៅប៉ុស្ដិ៌ប៉ូលីសបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួមទាំងច្បាប់ក្នុងសាសនាផងដែរ ៕